(បរទេស)៖ ខ្សែភាពយន្តដ៏ល្បី «Fast & Furious 9» បានចាប់ផ្ដើមដំណើរការថតជាផ្លូវការហើយ តាំងពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ដោយចាប់ផ្ដើមថតនៅតំបន់ Khao Thong នៅខេត្ត Krabi ប្រទេសថៃ។ អ្វីដែលគួរឲ្យកត់សម្គាល់ ​​ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ លោក Apichai បានឲ្យដឹងថា មានតែតួអង្គជំនួសប៉ុណ្ណោះ ដែលថតនៅទីនេះ។

កន្លែងថត ត្រូវបានគេបាំងជិតមិនឲ្យមហាជនបានឃើញនោះទេ ហើយមានសន្តិសុខដើរល្បាត ដើម្បីយាម ហាមឃាត់មិនឲ្យនរណាម្នាក់លួចមើលសកម្មភាពនៃការថត ខ្សែភាពយន្តនេះ។ ជាមួយគ្នានេះផងដែរ តួអង្គសំខាន់ៗក្នុងរឿង «Fast & Furious 9» មិនបានមកដល់ប្រទេសថៃ ដើម្បីថតភាពយន្តនោះទេ ពោលគឺមានតែតួអង្គជំនួសប៉ុណ្ណោះ ដែលថតនៅទីនេះ ចំណែកឯតួអង្គសំខាន់ៗ នឹងមិនបង្ហាញមុខថតនោះឡើយ។

ខ្សែភាពយន្ត «Fast & Furious 9» ត្រូវបានដាក់គោលដៅ ដែលត្រូវដំណើរការថតនៅភាគខាងត្បូងខេត្ត Krabi ខេត្ត Phang Nga ខេត្ត Phuket និងឈុតឆាកមួយចំនួនទៀតត្រូវថតនៅទីក្រុងSurat Thani រហូតដល់ថ្ងៃទី ២៧ ខែកក្កដា ដោយចំណាយពេលថតចំនួន ២៦ថ្ងៃ ហើយប្រទេសថៃអាចរកចំណូលបានប្រហែល ១១ លានដុល្លារអាមេរិក។

យ៉ាងណាមិញតាមរយៈរូបថតមួយសន្លឹកដែល Vin Diesel និង Michelle Rodriguez បានថតរួមគ្នា បង្ហាញឲ្យឃើញថា ពួកគេទាំងពីរនាក់ ដែលជាតួអង្គសំខាន់នៅក្នុងខ្សែភាពយន្ត បានចាប់​ផ្ដើម​ថត​ភាពយន្ត​ «Fast and Furios 9» នៅប្រទេសអង់គ្លេស កាល​ពី​ថ្ងៃ​ ២៥ មិថុនាកន្លង​ទៅ ដែលជា​ថ្ងៃ​ទី១នៃ​ការ​ថតភាពយន្ត។ Fast & Furious 9»វគ្គ​ថ្មី​​នេះ គេរំពឹងថា នឹង​​ចាក់​បញ្ចាំង​នៅ​ខែ​មេសា ឆ្នាំ ២០២០ ខាង​មុខ​នេះ៕