(ភ្នំពេញ)៖ តារាសម្ដែងប្រុសត្រូវប៉ាន់ខ្លាំង ខាងសម្ដែងជាតួកំប្លែងក្នុងរឿងដុំ លោក ភីម៉ៃ ត្រូវបានគេសម្គាល់ថា មួយរយៈចុងក្រោយនេះ លោកហាក់មានទីផ្សារសិល្បៈមមាញឹកខ្លាំង ក្នុងការថតភាពយន្ត។ យ៉ាងណាមិញ ក្រោយមមាញឹកក្នុងការរកចំណូល លើវិស័យភាពយន្តស្ទើរ តែដកខ្លួនមិនរួចបែបនេះ ស្រាប់តែពេលនេះតារាប្រុស លោក ភីម៉ៃ បានបង្វែរទៅ ចំណាយពេលវេលាផ្ទាល់ខ្លួន សម្រាប់គ្រួសារ និងជំនួញផ្ទាល់ខ្លួន។ លោកបានអះអាងថា ចង់ទុកពេលវេលា នៅជាមួយក្រុមគ្រួសារ ព្រោះប៉ុន្មានឆ្នាំនេះ មិនសូវមានពេលវេលាច្រើន នៅជាមួយអ្នកម្ដាយ ជួបជុំក្រុមគ្រួសារ សាច់ញាត់បងប្អូនទេ ដោយសារ ជាប់រវល់ជាមួយនឹងការងារសិល្បៈ ដូច្នេះហើយទើបចង់ផ្អាកពីសិល្បៈមួយរយៈខ្លី។

ទន្ទឹមគ្នានេះ តារាសម្ដែង លោក ភីម៉ៃ បានថ្លែងប្រាប់ Fresh News តាមរយៈទូរស័ព្ទថា ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះ មានការមមញឹកខ្លាំងនឹងសិល្បៈ ដោយទទួលថតភាពយន្ត ច្រើន ធ្វើឲ្យលោកមិនសូវមានពេលវេលា ក៏ដូចជាភាពកក់ក្ដៅនៅជាមួយអ្នកម្ដាយ ក៏ដូចជាក្រុមគ្រួសារបានច្រើន ទើបពេលនេះរៀងរយាលដៃពីសិល្បៈ ចំណាយពេលសម្រាប់គ្រួសារ ពិសេសទៅលើជំនួញតែម្ដង។

ងាកទៅការថតភាពយន្តវិញ ក្នុងមួយឆ្នាំៗ លោក ភីម៉ៃ ទទួលថតខ្សែភាពយន្ត ២ទៅ៣ រឿង ទៅតាមភាពយន្តត្រូវការចំណាយពេលថតយូរឬឆាប់ ដោយឡែកភាគច្រើនភាពយន្តដែលលោកទទួលថត គឺសុទ្ធសឹងតែជារឿងដុំ ព្រោះជារឿងដែលចំណាយពេលថតខ្លី ជាពិសេសគឺថតភាពយន្ត ដែលមើលទៅសាច់រឿងល្អ និងចេញមកមានសន្ទុះគាំទ្រ។

លោក ភីម៉ៃ ដែលជាតារាសម្តែងប្រុស ត្រូវបានទស្សនិកជនស្គាល់ច្រើន និងត្រូវបានគេចាត់ទុកថាជាតួធំមួយរូបផងនោះ បានចំណាយពេលវេលាច្រើន ទៅលើក្រុមគ្រួសារ ណាមួយលោកប្រកាន់ជំហរថា វ័យកាន់តែចាស់ កំលាំងថតភាពយន្តក៏មិនសូវមាន ណាមួយចង់ផ្តល់ភាពកក់ក្តៅដល់គ្រួសារ ទើបផ្អាក់ពីសិល្បៈរយៈពេលខ្លីតែម្តង។ ទោះយ៉ាងនេះក្តីលោកថា នៅថ្ងៃអនាគតក៏មិនឈប់ពីសិល្បៈនោះទេ បើមានការងារសិល្បៈនៅតែធ្វើ គ្រាន់តែថាងាកមកប្រើពេលវេលាច្រើន ដើម្បីទៅប្រកបមុខជំនួញ រីសតរបស់ខ្លួន ដែលអាចរកចំណូលចិញ្ចឹមជីវិតបានគង់វង្ស។

ចុងក្រោយតារាសម្ដែង លោកភីម៉ៃ ក៏មិនភ្លេចនូវការផ្ដាំផ្ញើដល់ទស្សនិកជន ជាពិសេសអ្នកគាំទ្រ ដែលតែងតែធ្វើការគាំទ្ររូបលោក ក៏ដូចជាសិល្បៈកម្ពុជា នឹងសំណូមពរដល់ទស្សនិកជន ឲ្យនៅតែជួយបន្តគាំទ្រ កុនខ្មែរឲ្យបានកាន់តែច្រើន ដើម្បីលើកស្ទួលភាពយន្តខ្មែរឲ្យកាន់តែរីកចម្រើនឡើងទៅមុខទៀត៕