(ក្រុងឡុងដ៍)៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបំបែកកំណត់ត្រាក្នុងក្លឹប តាមរយៈទិញបានកីឡាករខ្សែបម្រើប្រយុទ្ធ Tanguy Ndombele មកពីក្លឹប Lyon ដែលកំពុងលេងក្នុងលីគកំពូលបារាំង Ligue 1 ក្នុងតម្លៃខ្លួនប្រមាណ ៦៨លានដុល្លារ។

កីឡាករសញ្ជាតិបារាំង Ndombele បានក្លាយជាសមាជិកទី២ ក្នុងក្លឹប Spurs ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធ Lucas Moura ដែលត្រូវបានទិញពីក្លឹបយក្ស Paris Saint-Germain កាលពីខែ មករា ឆ្នាំ២០១៨។

តម្លៃខ្លួនរបស់កីឡាករដែលមានវ័យ ២២ឆ្នាំខាងលើនេះនឹងកើនពី ៦៨លាន ទៅ៧៩លានដុល្លារប្រសិនបើបំពេញតួនា ទីបានល្អក្នុងកិច្ចសន្យារយៈពេល ៦ឆ្នាំរបស់គេនៅកីឡដ្ឋាន White Hart Lane ដែលតម្លៃបំបែកកំណត់ត្រាចាស់របស់ កីឡាករខ្សែការពារ Davinson Sanchez ដែលត្រូវបាន Spurs ទិញពីក្លឹបហូឡង់ Ajax កាលខែសីហា ឆ្នាំ២០១៧ មានតម្លៃខ្លួន ៥៣លានដុល្លារ។

គួររំលឹកផងថា Ndombele បានមកចូលរួមជាមួយក្លឹប Lyon កាលឆ្នាំ២០១៧ ដែលបានជួយឲ្យក្លឹបស្ថិតក្នុងទីក្រុងលីយ៉ុង នៃប្រទេសបារាំងមួយនេះបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ កាលពីរដូវកាលមុន និងឈ្នះកៅអី១ ឡើងទៅ លេង UEFA Champions League រដូវកាលក្រោយផងដែរ។ កីឡាករស្បែកខ្មៅរូបនេះ ក៏រកបាន ២គ្រាប់ផងដែរ ក្នុងជំនួប Lyon ប៉ះ Manchester City ក្នុងវគ្គចែកពូល Champions League រដូវកាលឆ្នាំ២០១៨-២០១៩ ទៀតផង៕