(ក្រុងរីយ៉ូ)៖ ក្រុមម្ចាស់ផ្ទះសាំបាប្រេស៊ីល បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិក ឡាទីន Copa America 2019 បន្ទាប់ពីយកឈ្នះគូប្រជែងអាហ្សង់ទីន ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាព្រឹកថ្ងៃ ពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩ នេះ។

កីឡាករខ្សែប្រយុទ្ធពាក់លេខ៩ Gabriel Jesus មកពីក្លឹបអង់គ្លេស Manchester City ជាអ្នករកបានគ្រាប់ទី១ ឲ្យប្រេស៊ីល នៅនាទី១៩ ក្រោយទទួលបានពី Roberto Firmino និងបញ្ជូនបាល់ឲ្យ Roberto Firmino ស៊ុតគ្រាប់ទី២ វិញនៅនាទី៧១ ដែលធ្វើឲ្យការប្រកួតមានគម្លាតគ្នាជាខ្លាំង គ្រាដែលក្រុមរបស់ Lionel Messi ស៊ុត ៨ជើង រកមិនបាន សូម្បី ១គ្រាប់ឡើយ។

តាមរយៈលទ្ធផលនេះ សាំបាប្រេស៊ីល នៅតែជាក្រុមដែលរក្សាសំណាញ់ទីមិនឲ្យគូប្រកួតទាត់ចូលឡើយ (Clean Sheet) ក្នុងចំណោម ៥ប្រកួតរបស់ពួកគេ និងស៊ុតចូលទីគេវិញបានចំនួន ១០គ្រាប់ ដោយមានអ្នកចាំទីដៃស្អិត Allisson Becker ដែលទើបជួយក្លឹប Liverpool ឈ្នះជើងឯកពានរង្វាន់អឺរ៉ុប UEFA Champions League កាលពី ដើមខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗផងដែរ។

ប្រេស៊ីល ត្រូវរង់ចាំក្រុមឈ្នះរវាងប៉េរូ ប៉ះក្រុមការពារតំណែងជើងឯកឈីលី នៅព្រឹកស្អែក ដើម្បីជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី០៨ ខែកក្កដាសប្តាហ៍ក្រោយនេះ គ្រាដែលការប្រកួតស្វែងរកចំណាត់ថ្នាក់លេខ៣ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ៕