(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ លើកទី១៣ នឹងបន្ដការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយ សម្រាប់ជើងទី១ នារសៀលថ្ងៃពុធនេះ ដោយមាន ២ប្រកួត​ ខណៈក្រុមការពារតំណែងជើងឯក ក្រសួងការពារជាតិ ត្រូវប៉ះក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប នៅកីឡដ្ឋាន AEU Sport Park ។

នេះគឺជាលើកទី២ ហើយ ដែលក្រុមទាំងពីរ បានជួបគ្នាក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃពានប្រើប្រាស់ធនធានកីឡាករក្នុងស្រុកនេះ ។ ប៉ុន្ដែកាលពីឆ្នាំ២០១៨ ក្រសួងការពារជាតិ បានយកឈ្នះអាស៊ីអឺរ៉ុប ទាំង ២ជើង ដោយលទ្ធផល ១០-២ ។

ប៉ុន្ដែមុនជួបគ្នារសៀលនេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិ បានអះអាងថា អាស៊ីអឺរ៉ុបឆ្នាំនេះ មានការរៀបចំបានល្អប្រសើរ ពិសេសកីឡាករក្នុងស្រុក ហេតុនេះក្រុមខ្លួនត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ជំហាន ដើម្បីឆ្ពោះទៅវគ្គបន្ដ និងការពារតំណែងជើងឯក ។

នៅម៉ោងដំណាលគ្នាថ្ងៃនេះដែរ ក្រុមណាហ្គាវើលដ៏របស់លោក មាស ចាន់ណា ក៏ត្រូវជួបក្រុមគិរីវង់សុខសែនជ័យ នៅកីឡដ្ឋានគិរីវង់ផងដែរ ។ ដូច្នេះចាំមើល តើក្រុមណាខ្លះ នឹងទទួលបានជ័យជម្នះ ក្នុងជើងទី១ ខណៈកាលពីឆ្នាំ២០១៨ ទាំងអាស៊ីអឺរ៉ុប និងគិរីវង់ សុទ្ធតែធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ?