(ភ្នំពេញ)៖ សម្រាប់ទីផ្សារដោះដូរកីឡាករក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ត្រូវបានបើទ្វារ ក្រោយបញ្ចប់ការប្រកួតជុំទី១ នាពេលនេះក្រុមបាល់ទាត់ភ្នំពេលក្រោន បានប្រកាសជាផ្លូវការអំពីការចុះកិច្ចសន្យានាំយកសមាជិកថ្មី ២រូបលេងនៅតំបន់ប្រយុទ្ធរួមមានកីឡាករ Shane Booysen និង Dzarma Bata។

យោងតាមគេហទំព័ររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលបានចុះផ្សាយនៅថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០១៩ នេះខ្សែបម្រើប្រយុទ្ធ Shane Booysen ធ្លាប់ជាអតីតកីឡាករក្រោន ក្នុងអំឡុងឆ្នាំ២០១៥ ហើយក៏បានបន្តផ្ទេរទៅក្លឹបព្រះខ័នរាជស្វាយរៀង ក្នុងជុំទី១ ឆ្នាំ២០១៨ មុនបន្តចូលរួមជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងឆ្នាំ២០១៩ បានត្រឹមជុំទី១ ដោយរកបាន ៣គ្រាប់ផងដែរ។

ចំណែកឯខ្សែប្រយុទ្ធ Dzarma Bata ដែលជាអតីតម្ចាស់ស្បែកជើងមាសឆ្នាំ២០១៤ ជាមួយក្លឹបព្រះខ័នរាជស្វាយរៀង ត្រូវបានបញ្ចប់កិច្ចសន្យាជាមួយក្លឹបក្រសួងការពារជាតិ ត្រឹមជុំទី១ បន្ទាប់ពីរកបាន ១៣គ្រាប់ក្នុងឆ្នាំ២០១៩ នេះ ជាអតីតកីឡាកររបស់ក្លឹបបឹងកេត អាស៊ីអឺរ៉ុបយូណាយធីត និងខេមបូឌានថាយហ្គឺរ ថែមទៀតផង៕