(ភ្នំពេញ)៖ ក្រុម Khmer United-A បានជួបការខកចិត្តជាថ្មី ក្នុងការប្រកួតពានរង្វាន់ Keller Williams Cambodia League 2019 ទៀតហើយ បន្ទាប់ពីប្រកួតចាញ់ក្រុម Avatar ទាំងប្រផិតប្រផើយដោយលទ្ធផល ៣-២ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានតូច ឬពាន KW Cambodia Cup កាលពីចុងសប្ដាហ៍កន្លងទៅនៅទីលាន KMH Park។

ក្នុងការប្រកួតចាញ់ធ្លាក់នេះ តង់ទី១ ក្រុម Avatar បាននាំមុខក្រុម Khmer United-A ៣-១។ បន្ទាប់ពីត្រូវគូប្រជែងនាំមុខ ក្រុមដឹកនាំដោយលោក កែវ សារិន បានព្យាយាមវាយបកយ៉ាងខ្លាំងនៅតង់ទី២ រហូតរកបាន ១គ្រាប់នៅនាទី៧៥។ តែគួរឲ្យស្ដាយលទ្ធផលនេះ បានរក្សារហូតចប់ការប្រកួត ៩០នាទី ដោយ Avatar ឈ្នះ Khmer United-A ៣-២ តែម្ដង។

ការបរាជ័យនេះ ធ្វើឲ្យក្រុម Khmer United-A បានត្រឹមសោកស្ដាយ ក្នុងនាមជាក្រុមមានថ្នាក់ដឹកនាំ ជាស្ថានិកពាន ប៉ុន្ដែរយៈពេល ៨ឆ្នាំមកហើយ ក្រុមនេះពុំធ្លាប់ស្គាល់រសជាតិឈ្នះពានពាក់កណ្ដាលអាជីពនេះម្ដងឡើយ។ រីឯក្រុម Avatar ត្រូវឡើងទៅជួបក្រុម Bayon Wanderers នៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីពួកគេ (Bayon) បានយកឈ្នះក្រុម Riel PP ដោយលទ្ធផល ៤-១ កាលពីថ្ងៃអាទិត្យ។

គួរដឹងថា ពាននេះបែងចែកជា២ ដោយក្រុមឈរកំពូលតារាង បន្ទាប់ពីឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ដោយមាន ១៦ក្រុម ចូលរួម ត្រូវក្លាយជាម្ចាស់ពាន KW Cambodia League 2019 គឺក្រុម ISI United ដែលរកបាន ៤៣ពិន្ទុច្រើនជាងគេ ។ រីឯក្រុមឈរលេខ២ ដល់លេខ៥ ខាងលើ ត្រូវប្រជែងពានតូច ឬពាន KW Cambodia Cup។ ចំពោះពិធីប្រគល់ពាន នឹងធ្វើឡើងរួមគ្នានាថ្ងៃទី១៤ ខែកក្កដា ក្រោយចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង Avatar និង Bayon Wanderers៕