(ភ្នំពេញ)៖ មានសិល្បករ-សិល្បការិនីជើងចាស់ជាច្រើន បានរសាត់ឃ្លាតឆ្ងាយពីពិភពសិល្បៈ ក្រោយមានគ្រួសាររៀងៗខ្លួន ខណៈអ្នកខ្លះប្រកបការងារ ឬបង្កើតជំនួញក្នុងស្រុក និងខ្លះទៀតរស់នៅក្រៅប្រទេសជាដើម។ ទោះបីជាអវត្តមានពីពិភពសិល្បៈក្នុងស្រុក៏ពិតមែន តែរាល់សិល្បករជើងចាស់ស្ទើរទាំងអស់ ត្រូវបានទស្សនិកជននឹករឮកជានិច្ចផងដែរ។ ងាកមកអតីតតារាម៉ូដែល អំឡុងឆ្នាំ២០០៣ អ្នកនាង សៅ ឆេងហុង ឯណោះ វិញ តើបានរសាត់ទៅដល់ទីណាហើយ បានជាមិនមានដំណឹងអ្វីបន្តិចសោះ?

តាមការឱ្យដឹងពី អ្នកស្រី ស៊ិន ឧត្តមផល្លា ថាបន្ទាប់ពីបញ្ជប់កុងត្រានាៗជាមួយក្រុមហ៊ុនដើម្បីធ្វើជាពិធីការិនីឆ្នាំ២០១៣ មានក្រុមហ៊ុនទូរទស្សន៍មួយនៅសហរដ្ឋអាមេរិក រដ្ឋកាលីហ្វ័រនីញ៉ា បានទាក់ទងអ្នកនាង សៅ ឆេងហុង ដើម្បីទៅប្រឡងក្នុងកម្មវិធី បររកញ្ញាខ្មែរអាមេរិក ដោយអ្នកនាងទទួលបានចំណាត់ថ្នាក់លេខ២ នៅវគ្គផ្ដាច់ព្រ័ត្រ នេះអាចចាត់ទុកថា ជាភាពជោគជ័យផ្ទួនៗគ្នា នៅក្នុងឆាកជីវិតរបស់អ្នកនាង និងមានអ្នកស្ពនស័រ ដែលធានាឲ្យអ្នកនាង សៅ ឆេងហុង ទៅច្រៀងតាមបណ្ដារដ្ឋផ្សេងៗ ពេលនោះហើយដែលអ្នកនាង សៅ ឆេងហុង បានជួបគូជីវិតនៅលើទឹកដីអាមេរិក ក៏បានរៀបអាពាហ៍ពិពាហ៍ និងរស់នៅលើទឹកដីអាមេរិកនេះ ៦ឆ្នាំមកហើយ។ សព្វថ្ងៃនេះអ្នកនាងមានបុត្រចំនួនពីរនាក់ស្រីទាំងពីរ កូនស្រីច្បងអាយុ ៤ឆ្នាំ និងកូនប្អូនអាយុជិត ២ខែ ។ អ្នកនាង សៅ ឆេងហុង ដែលរស់នៅសហរដ្ឋអាមេរិក ប្រកបមុខរបរជា ជាងក្រចក និងក្រៅពីនោះក៏មានអាជីពជាតារាចម្រៀងផងដែរ។

អ្នកស្រី ស៊ិន ឧត្តមផល្លា បានរម្លឹកថាអ្នកនាង សៅ ឆេងហុង ដែលជាអតីត freshie girl ជាប់ចំណាត់ថ្នាក់លេខ ១ កាលពីឆ្នាំ ២០០៣ ជំនាន់ជាមួយលោក ជា វិបុល នៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្ថិ៍លេខ៣ នៃក្រុមហ៊ុនទូរស័ព្ទ Samart ថែមទាំងទទួលបានពានរង្វាន់មួយផ្នែកទៀត ខាងយុវនារី ដែលថតរូបស្អាតបំផុតរបស់ក្រុមហ៊ុន Konika នៅក្នុងឆ្នាំតែមួយ ។ បន្ទាប់មក អ្នកនាង សៅ ឆេងហុង បានធ្វើកុងត្រាមួយឆ្នាំ ជាមួយក្រុមហ៊ុនដើម្បីធ្វើជាពិធីការិនី ក្រោយពីបញ្ចប់កិច្ចសន្យាជាពិធីការិនី អ្នកនាង សៅ ឆេងហុង ក៏បានលាឈប់ពីសិល្បៈ ដើម្បីមកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក Accounting នៅសាលា វ៉ាន់ដា ដោយទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំសាលា ដែលប្រគល់សញ្ញាប័ត្រជូន អ្នកនាង សៅ ឆេងហុង ដោយ សម្តេចតេជោ ហ៊ុន សែន ទៀតផងកាលពីឆ្នាំ ២០០៥ ។ ក្រោយមកអ្នកនាង សៅ ឆេងហុង ត្រូវបានលោក ហ្វៃ សំអាង ទាក់ទងដើម្បីថតភាពយន្ត ប៉ុន្តែដោយសារក្រុមគ្រួសារស្រឡាញ់ខាងសិក្សា ទើបអ្នកនាងផ្អាកមិនទទួល ក្រោយមកអ្នកនាងទៅរៀនខាងជំនាញ អ៊ុតសក់ នៅសាលាគ្រីស្ទីណា ដោយទទួលបានសញ្ញាប័ត្រផ្នែកកែសម្ផស្សទៀតផង៕