(ភ្នំពេញ)៖​ កីឡាការិនីជម្រើសជាតិកម្ពុជា ខាន់ ចេសា បានធ្វើឲ្យគ្រួសារកីឡាជឺជិតស៊ូពិភពលោកភ្ញាក់ផ្អើល និងស្ងើចសរសើរជាថ្មីទៀតហើយ បន្ទាប់ពីនាងទទួលចំណាត់ថ្នាក់លេខ១ ខ្សែក្រវាត់ពណ៌ស្វាយពិភពលោក ពីសហព័ន្ធកីឡាជឺជិតស៊ូអន្ដរជាតិ-ប្រេស៊ីល(IBJJF)។

កីឡាការិនីឆ្នើមកម្ពុជាកើតនៅអាមេរិកនេះ បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំរីករាយណាស់ ដែលនិយាយថា ខ្ញុំជាប់លេខ១ ខ្សែក្រវាត់ពណ៌ស្វាយពី IBJJF។ ខ្ញុំបានទទួលខ្សែក្រវាត់ពណ៌ស្វាយរយៈពេល ៦ខែហើយ នេះគឺជាការចាប់ផ្ដើមដំបូងប៉ុណ្ណោះ។ នេះគឺជាគោលដៅរបស់ខ្ញុំ ចាប់តាំងពីខ្ញុំទទួលបានខ្សែក្រវាត់ពណ៌ស្វាយ»

ទន្ទឹមជាមួយគ្នា ចេសា បានតាំងចិត្តនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព និងសម្រេចគោដៅរបស់ខ្លួន គ្រាដែលកីឡាការិនីវ័យ ១៧ឆ្នាំរូបនេះ ត្រៀមមកប្រកួតតំណាងកម្ពុជាជាថ្មី ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ។

គួរបញ្ជាក់ថា ខាន់ ចេសា ត្រូវបានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ ចាត់ទុកជាវីរកីឡាការិនីម្នាក់ បន្ទាប់ពីនាងដណ្ដើមបានមេដាយមាស ១គ្រឿង ក្នុងការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ។ លើសពីនេះ ចេសា ក៏ធ្លាប់ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ និងកម្រិតពិភពលោកស្ទើររាប់ភ្លេចផងដែរ៕