(ភ្នំពេញ)៖ ជាការពិតមានទស្សនិកជនភាគតិចណាស់ ដែលដឹងថាតារាសម្តែងស្រីសិចស៊ី កញ្ញា កុសម៉ា លីនដា ជាកូនស្រីរបស់អតីតតារាភាពយន្តប្រុសរូបសង្ហារ លោក ហ៊ាន រតនា។ យ៉ាងណាមិញ មហាជនស្រាប់តែចាប់អារម្មណ៍គ្រប់គ្នា ពេលដឹងថានាងមានឪពុកជាអតីតតារាសម្តែង ព្រមទាំងមានទេពកោសល្យសិល្បៈស្រដៀងនឹងឪពុកផងដែរ ពោលគឺជំនាញខាងដើរតួកាច កាច់កុងអ្នកដទៃជាដើម។

ជាក់ស្តែង ទស្សនិកជនដែលនិយមទស្សនាកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» បានសម្តែងនូវការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា ពេលទស្សនាការបកស្រាយនូវអាថ៌កំបាំងផ្ទាល់ខ្លួននានារបស់ កញ្ញា កុសម៉ា លីនដា និងដឹងថា នាងជាកូនស្រីរបស់អតីតតារាសម្តែង លោក ហ៊ាង រតនា។ ខណៈទស្សនិកជនខ្លះទៀតចេះតែគិតក្នុងចិត្តថា នាងមានមុខស្រដៀងនឹងតារាសម្តែងមួយរូប តែមិនប្រាកដថាជាតារារូបណា ទើបតែបានបកស្រាយពេលនេះ ទើបដឹងភ្លែតតែម្តង។ តាមរយៈនេះ លីនដា បានបង្ហើបថា តាមពិតទៅនាងជាកូនស្រីរបស់លោក ហ៊ាង រតនា ដែលជាតារាសម្តែងមួយរូប ប៉ុន្តែបច្ចុប្បន្នលោកបានឈប់ពីសិល្បៈហើយ ដោយបន្សុលទុកជាមួយនឹងស្នាដៃថតភាពយន្តភាគខ្មែរជាច្រើន ក្នុងប្រភេទតួប្រុសកាច និងមានល្បិចកល។

កញ្ញា កុសម៉ា លីនដា ថា ក្រោយពីឈប់ធ្វើការងារសិល្បៈ ឪពុករបស់នាងបានបង្វែរទៅប្រកបជំនួញផ្ទាល់ខ្លួនវិញ ខណៈអាជីពសិល្បៈត្រូវបាននាងជាកូនស្រីស្នងដំណែងពីឪពុក ទោះបីជាដំបូងឡើយមានការហាមឃាត់ពីឪពុក មិនឲ្យប្រឡូកសិល្បៈក្តី។ ពេលបានចូលសិល្បៈយូរៗ ឪពុកឃាត់លែងឈ្នះ ទើបមានជំនាញមកជាតួកាចឆ្នាស់ កាច់កុងច្រើន មិនខុសពីទេពកោសល្យរបស់ឪពុកឡើយ។

គួរជម្រាបថា កញ្ញា កុសម៉ា លីនដា មិនទាន់បង្ហើបនៅឡើយទេ ថានឹងធ្វើការងារសិល្បៈរហូត ឬនឹងផ្អាកចេញទៅរកស៊ីដូចឪពុក ខណៈបច្ចុប្បន្នមើលទៅតារាស្រីដួងនេះ ហាក់ស្រឡាញ់វិស័យសិល្បៈយ៉ាងខ្លាំង ព្រោះក្រៅពីសម្តែង និងក៏មានសមត្ថភាពអាចធ្វើជាពិធីការិនីក្នុងកម្មវិធីសិល្បៈនានាបានផងដែរ៕