(ភ្នំពេញ)៖ ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ាន លើកទី៤៣ (43rd South East Asia Age Group Swimming Championship 2019 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះបានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតរយៈ ពេល ៣ថ្ងៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ តែគួរឲ្យស្ដាយ កម្ពុជាមិនទទួលបានមេដាយសូម្បីតែ ១គ្រឿងឡើយ។

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញនាពហុកីឡដ្ឋានលំដាប់អន្ដរជាតិ ដែលកម្ពុជាត្រៀមទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នាឆ្នាំ២០២៣ នេះ ក្នុងចំណោមអត្តពលិកមកពី ១០ប្រទេសចូលរួម ក្នុងនោះ វៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១០៩គ្រឿង រួមមានមេដាយមាស៤៣ ប្រាក់៤១ និងសំរឹទ្ធ៤១ ខណៈថៃ ឈរលេខ២ ដណ្ដើមបានមេដាយសរុប ៧៦គ្រឿង រួមមានមេដាយមាស២៨ ប្រាក់១៨ និងសំរឹទ្ធ១៨។

ដោយឡែកសិង្ហបុរី ឈរលេខ៣ ដណ្ដើមបានមេដាយ ៤៣គ្រឿង រួមមានមេដាយមាស១១ ប្រាក់១៨ និងសំរឹទ្ធ១៨។ ឥណ្ឌូនេស៊ី ឈរលេខ៤ ដណ្ដើមបានមេដាយ ២០គ្រឿង មានមេដាយមាស១០ ប្រាក់៣ និងសំរឹទ្ធ៧។ ហ្វីលីពីន ឈរលេខ៥ ដណ្ដើមបានមេដាយសរុប ៣០គ្រឿង មានមេដាយមាស៨ ប្រាក់១៣ និងសំរឹទ្ធ៩ និងម៉ាឡេស៊ី ឈរលេខ៦ ដណ្ដើមបានមេដាយ ៣៧គ្រឿង មានមេដាយមាស៧ ប្រាក់១៣ និងសំរឹទ្ធ១៧។

ដោយឡែកអត្តពលិកប្រទេស មិនដណ្ដើមបានមេដាយសោះ ក្រៅពីម្ចាស់ផ្ទះកម្ពុជា គឺមានឡាវ មីយ៉ាន់ម៉ា និងប្រ៊ុយណេ។ ជាមួយការមិនដណ្ដើមបានមេដាយសូម្បី ១គ្រឿងនេះដែរ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានទទួលស្គាល់ចំពោះណាត់ថ្នាក់មិនល្អរបស់កម្ពុជា ប៉ុន្ដែលោកបានមើលឃើញភាពរីកចម្រើនរបស់កីឡាករ-កីឡាការិនីកម្ពុជា ដែលល្អប្រសើរជាងមុន។ ដូច្នេះលោកសង្ឃឹមថា ពួកគេនឹងបន្ដការខិតខំបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលល្អនាថ្ងៃអនាគត៕