(ថៃ)៖ បច្ចុប្បន្នមានបណ្តាប្រទេសមួយចំនួន បាននឹងកំពុងតែរៀបចំកម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថ ភាព ជ្រើសរើសបវរកញ្ញាដែលលេចធ្លោរជាងគេ ដើម្បីធ្វើជាតំណាងប្រទេសរបស់ខ្លួន នៅលើឆាកអន្តរជាតិ ដោយក្នុងនោះក៏មានប្រទេសមួយចំនួន បានជ្រើសរើសរួចរាល់ហើយដែរ ដូចជាកម្ពុជា មានកញ្ញា សំណាង អេលីណា ជា បវរកញ្ញា ចក្រវាលកម្ពុជា ២០១៩នេះ ជាដើម។ យ៉ាងណាមិញ ងាកមកប្រទេសថៃ ឯណោះវិញ ក៏បានជ្រើសរើសរួចរាល់ហើយដែរ។ បន្ទាប់ពីពីឆ្លងកាត់ការជម្រុះជាច្រើនវគ្គ ទីបំផុត កញ្ញា Fahsai ទទួលតំណាង ជាបវរកញ្ញា ចក្រវាលហ្វីលីពីន ហើយនាងនឹងមានតួនាទីទៅប្រកួតលើឆាក អន្តរជាតិក្នុងកម្មវិធី «Miss Universe»។

ជាការពិត កញ្ញា Fahsai មានឈ្មោះពិតហៅថា Jennifer Paweensuda Saetan-Drouin ត្រូវបានគេដឹងថា ជាកូនកាត់ថៃ-កាណាដា អាយុ២៥ឆ្នាំ កម្ពស់ ១ម៉ែត្រ៨១ ដោយនាងនឹងតំណាងប្រទេសថៃចេញទៅប្រកួតបវរកញ្ញាចក្រវាល (Miss Universe) ឆ្នាំ២០១៩ នៅខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។ សម្រាប់បទពិសោធចូលរួមប្រកួត បវរកញ្ញាដួងនេះ ត្រូវបានគេដឹងថា បានឆ្លងកាត់ការប្រកួតកម្មវិធីសម្រស់ដូចជា Miss Thailand 2013 ទទួលបានជ័យលាភីរងចំណាត់ថ្នាក់លេខ២, Miss Universe Thailand 2017 ជាប់ចំណាត់ថ្នាក់លេខ៣, បវកញ្ញភពផែនដី ២០១៧ ជាប់ក្នុងជម្រើស TOP 8 និងឆ្នាំ២០១៩ នេះនាងក៏ទទួលបានជ័យលាភីជា Miss Universe Thailand 2019។

គួរជម្រាបថា Fahsai មិនត្រឹមតែមានរូបសម្រស់ស្អាត លេចធ្លោរ នោះទេ បើងាកមកចំណេះដឹងវិញ នាងបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីសាស្ត្រ កាលពីឆ្នាំ២០១៧ ផងដែរ។ កញ្ញា កើតនៅលើទឹកដីកាណាដា មានឪពុកជាជនជាតិកាណាដា ម្តាយជនជាតិថៃ៕