(ភ្នំពេញ)៖ ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បានចាប់ផ្ដើមចងក្រងក្រុមយុវជនអាយុក្រោម១៨ឆ្នាំ​ ដើម្បីហ្វឹកហាត់ និងត្រៀមចូលរួមការប្រកួតនានាកសាងធនធានទុកបន្តវេនពីក្រុមធំ។ នេះបើតាមការលើកឡើងរបស់លោក កែវ ភិរុណ គ្រូបង្គោល U18 អាស៊ីអឺរ៉ុប។

លោក កែវ ភិរុណលម្អិត៖ «យើងប្រមូលពួកគាត់មកដើម្បីហ្វឹកហាត់នៅពេលទំនេរ ហើយយើងនឹងរកមើលយុវជនដែលមានសមត្ថភាពទុកប្រកួតពានរង្វាន់យុវជននានា ជាពិសេសត្រៀមជំនួសក្រុមធំនាពេលអនាគត។ ឥឡូវយើងមានជិត២០នាក់ហើយ តែក៏មានអ្នកសូមចូលហាត់បន្តបន្ទាប់ទៀតដែរ។ យើងនឹងរកឲ្យបានយុវជនល្អៗ ២៥នាក់»

អ្វីដែលសំខាន់ផងនោះគ្រូបង្វឹកថា យុវជនភាគច្រើនជាអ្នកភ្នំពេញ និងអ្នកខ្លះទៀតជាអ្នកកូនចៅអ្នកស្រុកក្បែរកីឡដ្ឋាន AEU Sport Park សរុបជិត១០នាក់។ លោកថា នឹងរកយុវជនល្អៗបន្ថែមទៀតដើម្បីចម្រាញ់យកអ្នកឆ្នើមធ្វើជាយុវជនថ្នាលរបស់ក្លឹប។

សូមបញ្ជាក់ថា ក្រុមថ្នាលអាយុក្រោម១៨ឆ្នាំរបស់អាស៊ីអឺរ៉ុបយូណាយធីតនេះមានយូរក្រែលហើយដែរ តែមិនបានហ្វឹកហាត់ជាប់លាប់ ព្រោះពុំមានសកម្មភាពប្រកួត។ តែយ៉ាងណា ក្លឹបបានសម្រេចចិត្តប្រមូលផ្ដុំឡើងវិញដើម្បីត្រៀមកម្មវិធីផ្សេងៗទៀត៕