(ភ្នំពេញ)៖​ ក្រុមព្រះខ័នរាជស្វាយរៀង បានរក្សាកំណត់ត្រាមិនស្គាល់ចាញ់សូម្បីតែ ១ប្រកួតឡើយ បន្ទាប់ពីប្រកួតបញ្ចប់ជុំទី១ នៃលីគកំពូលកម្ពុជា ស្មើក្រុមណាហ្គាវើល ០-០ ក្នុងដី នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីយប់មិញ ។

ការប្រកួតនេះបានបញ្ចប់ដោយជក់ចិត្តបំផុត ហើយក៏មានរឿងគួរឲ្យចាប់អារម្មណ៍មួយផងដែរ ដោយសារការប្រកួតត្រូវពន្យាពេល ក្រោយមានការដាច់ភ្លើងចំនួន ២ លើក ។ ប៉ុន្ដែការដាច់ចរន្ដអគ្គិសនីនេះ មិនបានធ្វើឲ្យការប្រកួតត្រូវលើកពេលនោះទេ បន្ទាប់ពីភ្លើងត្រឡប់មកវិញ អាជ្ញាកណ្ដាល ផ្ដុំកញ្ចែបន្ដការប្រកួត រហូតដល់ចប់ ។

ចំពោះការប្រកួត ក្រុមទាំងពីរ សុទ្ធតែធ្វើបានល្អ ដោយមានឱកាសវាយបកគ្នា និងបង្កើតឱកាសក្នុងប្រអប់គ្រោះថ្នាក់ទៅវិញទៅមក តែពុំមានកីឡាករណាម្នាក់ អាចបំបែកពង់មាន់បានឡើយ រហូតចប់ការប្រកួត ៩០នាទីពេញ ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើល បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះ ក្នុងការប្រកួតបញ្ចប់ជុំទី១ នេះ ។

លទ្ធផលនេះដែរ បានធ្វើឲ្យក្រុមទាំងពីរ បន្ដឈរលេខ១ និងលេខ២ ដដែល ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង បានរក្សាកៅអីកំពូលតារាង ជាមួយលទ្ធផល ១៣ប្រកួតឈ្នះ១០ និងស្មើ៣ មាន ៣៣ពិន្ទុ ខណៈក្រុមណាហ្គាវើល បានឈរលេខរៀងទី២ និងមាន ២៨ពិន្ទុ ជាមួយលទ្ធផល ១៣ប្រកួតឈ្នះ៩ ស្មើ១ និងចាញ់ ៣ប្រកួត៕