(សេអ៊ូល)៖ យោងទៅតាមរបាយការណ៍នៅថ្ងៃទី ២៩ខែមិថុនា បានឲ្យដឹងថា តារាសម្ដែងស្រីកូរ៉េ Jeon Mi Sun ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារស្នាក់នៅមួយកន្លែង ស្ថិតនៅទីក្រុង Jeonju ហើយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ក៏បានបញ្ជាក់ដែរថា ព័ត៌មាននេះគឺជាការពិត។

នៅម៉ោងប្រហែល ១១៖៤៣ នាទីព្រឹក(ម៉ោងក្នុងតំបន់) នៅថ្ងៃទី ២៩ ខែមិថុនា អ្នកស្គាល់គ្នាម្នាក់ជាមួយតារាJeon Mi Sun បានរកឃើញតារាសម្តែង៤៨ឆ្នាំនៅក្នុងបន្ទប់សណ្ឋាគារនៃកន្លែងស្នាក់នៅរបស់នាង ហើយភ្លាមៗនោះគេ ក៏បានហៅទូរស័ព្ទទៅប៉ូលីស ប៉ុន្តែនាងត្រូវបានគេសន្មតថា បានស្លាប់នៅនឹងកន្លែង នៅពេលដែលរថយន្តសង្គ្រោះបន្ទាន់ បានមកដល់កន្លែងកើតហេតុ។ Jeon Mi Sun ត្រូវបានគេសន្មត់ថា បានធ្វើអត្តឃាតខ្លួនឯង។

Jeon Mi Sun បានស្នាក់នៅសណ្ឋាគារមួយ ក្នុងទីក្រុង Jeonju នៃប្រទេសកូរ៉េខាងត្បូង សម្រាប់ការបំពេញការងាររបស់នាង ដែលមានរយៈពេល ២យប់និង៣ ថ្ងៃជាមួយម្តាយរបស់នាង ដែលកម្មវិធីរបស់នាង នៅវេលាម៉ោង២ ដល់ម៉ោង ៦ល្ងាច (ម៉ោងក្នុងតំបន់) ដែលចំថ្ងៃទី២៩ ខែមិថុនា នៅសាកលវិទ្យាល័យ Chonbuk។ កម្មវិធីនៅម៉ោង២ល្ងាចនោះ ត្រូវបានលុបចោល ខណៈដែលតារាសម្តែងផ្សេងទៀតនឹងចូលរួមនៅម៉ោង ៦ល្ងាច៕