(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ហ្វូតសាលជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ត្រូវបានប្រកាសទទួលពាក្យក្រុមចូលរួមទៀតហើយ ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើម នាពេលឆាប់ៗខាងមុខ ។

យោងតាមសេចក្ដីប្រកាសលើបណ្ដាញសង្គមពាន Cambodia Futsal បានឲ្យដឹងថា ការទទួលពាក្យចូលរួមប្រកួតពានថ្នាក់ជាតិលើទីលានតូចនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដាខាងមុខ ។ ប៉ុន្ដែកាលវិភាគប្រកួតច្បាស់លាស់ ប្រភពខាងលើមិនទាន់បញ្ចាក់នោះទេ ។

ប៉ុន្ដែយ៉ាងណានេះគឺជាដំណឹងល្អមួយ សម្រាប់ក្រុមបាល់ទាត់ហ្វូតសាលកម្ពុជា ដែលកំពុងមានការពេញនិយមលេងទូទាំងប្រតេស និងទន្ទឹងរង់ចាំដំណឹងមួយនេះជាយូរ ដ្បិតកាលពីពេលថ្មីៗ មានដំណឹងមិនច្បាស់លាស់ថា លីគហ្វូតសាលឆ្នាំនេះ មិនមាននោះទេ ។ ដូច្នេះព័ត៌មានខាងលើ ក៏ជាការបញ្ចប់ព័ត៌មានចរចាមអារាមនោះដែរ ។

គួរបញ្ជាក់ថា នេះគឺជាឆ្នាំទី៣ ហើយ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសរៀបចំលីគហ្វូតសាល ក្រោយពានលើទីលានតូចនេះ បានត្រឡប់មកវិញ កាលពីឆ្នាំ២០១៧ ហើយក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារ ជាអ្នកលើកពាន និងឆ្នាំ២០១៨ លើកពានដោយក្រុម Down Town Sport ដែលទើបបញ្ចប់បេសកកម្មប្រកួតពាន AFF Futsal Club នៅថៃ ត្រឹមចំណាត់ថ្នាក់លេខ៤ កាលពីពេលថ្មីៗ៕