(សេអ៊ូល)៖ ទស្សនិកជនប្រាកដជាបានជ្រាបហើយថា កាលពីថ្ងៃទី ២៧ ខែមិថុនា កន្លងទៅនេះ ព័ត៌មានកក្រើកបានផ្ទុះឡើងនៅក្នុងវិស័យK-pop ពាក់ព័ន្ធនឹងការលែងលះរបស់តារាសម្ដែងលំដាប់ពីរនាក់នៅប្រទេសកូរ៉េខាងត្បូង គឺតារាស្រីSong Hye Kyo និង Song Joong Ki ខណៈអ្នកតំណាងរបស់លោក បានប្រកាសថាតារាប្រុសរូបនេះដាក់ពាក្យលែងលះជាមួយភរិយា ក្រោយរៀបការបាន១ឆ្នាំ ៨ខែ។

អ្នកដែលស្គាល់Song Hye Kyo និង Song Joong Ki បានប្រាប់សារព័ត៌មានឲ្យដឹងថា អ្នកទាំងពីរចង់លែងលះតាំងពីដើមឆ្នាំ ២០១៩នេះមកម្ល៉េះ ប៉ុន្តែការលែងលះរវាងSong Hye Kyo និង Song Joong Ki គឺមិនងាយស្រួល នោះទេ។ ពួកគេទាំងពីរនាក់ បានគិតច្រើន អំពីលទ្ធផល និងរបៀបដែលអាចនឹងប៉ះពាល់ដល់គម្រោងនៅថ្ងៃអនាគតរបស់ពួកគេ។

ប្រភពជិតស្និទ្ធនឹងប្ដីប្រពន្ធមួយគូនេះបានបន្តថា «ខ្ញុំគោរពការសម្រេចចិត្តរបស់ពួកគេ ចំណែកមិត្តភក្ដិជិតស្និទ្ធរបស់គេ ក៏គោរព និងគាំទ្រការសម្រេចចិត្តរបស់ពួកគេដូចគ្នា។ មានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងពាក់ព័ន្ធនឹងការលែងលះរបស់តារាទាំងពីរ ហើយការលើកឡើងទាំងនោះ មិនសមទំនងទាល់តែសោះ។ ពួកគេបារម្ភថាបញ្ហាទាំងអស់នោះ អាចនឹងកើតឡើង ហើយវាគឺជាភាពអាម៉ាសមួយ បើដូចអ្វីដែលគិតទុកនោះ»

ជាមួយគ្នានេះផងដែរ ប្រភពផ្សេងទៀត បានបង្ហាញពីរឿងរ៉ាវដែលនៅពីក្រោយ Song Hye Kyoមិនពាក់ចិញ្ចៀនរៀបការរបស់នាង ដែលនេះជាប្រធានបទមួយ កំពុងតែជជែកដោយមជ្ឈដ្ឋានអ្នកលេងបណ្ដាញអ៊ីនធឺណេត ក៏ដូចជាអ្នកគាំទ្ររបស់នាង។ ទោះបីជា Song Joong Ki ពាក់ចិញ្ចៀនរៀបការរបស់លោកក្ដី ប៉ុន្តែ Song Hye Kyo ដែលជាភាគីខាងស្រី ត្រូវបានគេឃើញមិនសូវពាក់នោះទេ ហើយតារាស្រីរូបនេះថែមទាំងស្រកទម្ងន់ខ្លាំងទៀតផង នៅឆ្នាំនេះ ព្រោះសម្លៀកបំពាក់របស់នាង ដែលបានទិញកាលពីឆ្នាំមុន ស្លៀករលុង ដោយសារទម្ងន់របស់នាងស្រាលជាងឆ្នាំមុន។ ដូចគ្នានេះដែរ ចំពោះចិញ្ចៀនបំពាក់នៅថ្ងៃរៀបការរបស់នាងនោះ នាងមិនអាចពាក់វាបានទេដោយសារតែចិញ្ចៀនរលុង។ Song Hye Kyo ជាមនុស្សស្ងៀមស្ងាត់ មិនមែនជាមនុស្សដែលចូលចិត្តដើរប្រាប់គេឯងពីបញ្ហារបស់ខ្លួននោះទេ ហើយក៏មិនប្រាប់អ្នកដទៃពីអ្វីដែលបានកើតឡើងលើរូបនាងនោះដែរ។

យ៉ាងណាមិញ រយៈពេល០១ខែកន្លងផុតទៅហើយ ដែលប្ដីប្រពន្ធត្រកូល Song មានពាក្យចចាមអារាម អំពីការលែងលះគ្នា។ អ្នកជិតខាងរស់នៅម្ដុំផ្ទះរបស់គូស្នេហ៍ទាំងពីរ ក៏បាននិយាយថា អស់រយៈពេលជាយូរមកហើយ ដែលមិនឃើញនរណាម្នាក់ ចេញមកចោលសម្រាម នៅមុខផ្ទះរបស់ពួកគេទៀត។ ផ្ទះបានបង្ហាញឲ្យឃើញថា គ្មានមនុស្សរស់នៅ ដែលអាចបញ្ជាក់ថា Song Joong Ki និងSong Hye Kyo បានផ្លាស់ទៅរស់នៅខាងក្រៅ តាំងពីខែមុនមកម្ល៉េះ ហើយផ្ទះត្រូវបានគេទុកចោល៕