(ភ្នំពេញ)៖ តារាចម្រៀងចម្រៀងល្បីឈ្មោះក្នុងផលិកម្មហង្សមាស លោក នីកូ ថ្មីៗនេះ​លោកបានជួបនូវបញ្ហាមិនល្អ ខណៈមានជនឆ្លៀតឱកាសបានយករូបលោកទៅបង្កើតឈ្មោះគណនីហ្វេសប៊ុក ដើរបោកប្រាស់អ្នកគាំទ្ររបស់លោក ខណៈដែលគណនីហ្វេសប៊ុកក្លែងក្លាយនោះ «Nico Velentine» ​ធ្លាប់បានបោកប្រាស់យកលុយ និងសំភារៈផ្សេងៗពីអ្នកគាំទ្ររបស់លោករួចមកហើយ។

ជាក់ស្ដែង​តារាចម្រៀង លោក នីកូ បានបង្ហោះសារនៅលើបណ្តាញសង្គមអ៊ីស្ដាក្រាម (Instagram) របស់លោកថា «នេះជា account ក្លែងក្លាយ ដែលបានជាប់ពន្ធនាគារកាលពីលើកមុន ដោយសារមានការបោកប្រាស់លុយ និងសំភារៈផ្សេងៗពីអ្នកគាំទ្ររបស់ខ្ញុំ account នេះ នៅបន្តប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្ន ខ្ញុំបាទ នីកូ មិនទទួលខុសត្រូវរាល់បញ្ហាផ្សេងៗពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ account មួយនេះទេ ព្រោះខ្ញុំបាន post ជាច្រើនលើកថា account មួយនេះ មិនមែនជារបស់ខ្ញុំឡើយ»

តារាចម្រៀងលោក នីកូ ក៏បានអំពាវនាវដល់អ្នកគាំទ្រឲ្យមានការប្រុងប្រយ័ត្ន ក៏ដូចជាកុំចាញ់បោកជនអាក្រក់ ដែលក្លែងបន្លំបង្កើតគណនីហ្វេសប៊ុករបស់តារាល្បីៗ ជាក់ស្ដែងដូចជាលោក នីកូ ជាដើម​។

គួរបញ្ជាក់ថា លោក នីកូ ជាតារាចម្រៀងប្រុសមួយរូប ដែលមានកេរ្តិ៍ឈ្មោះបោះ​សំឡេង និងទទួលបានការគាំ​ទ្រ​ខ្លាំងពីទស្សនិកជន ជាពិសេសយុវវ័យ​។ មិនត្រឹមតែមានទឹកដម​សំឡេងពីរោះនោះទេ តែនីកូក៏ជាតារាចម្រៀងមានរូបសម្បត្តិស្រស់​សង្ហាខ្លាំងដែរ​៕