(ភ្នំពេញ)៖ ខ្សែប្រយុទ្ធស្លាប Paulo Victor Costa Soares បានសម្រេចបន្តកិច្ចសន្យាជាមួយក្លឹបភ្នំពេញក្រោន រហូតដល់ឆ្នាំ២០២០ មានន័យថារូបគេនឹងស្ថិតនៅក្លិបរហូតដល់រដូវកាលក្រោយ ។ បុរសវ័យ ២៥ឆ្នាំរូបនេះ បានចុះកិច្ចសន្យាជាមួយក្លិប ភ្នំពេញក្រោន កាលពីខែ ធ្នូ ឆ្នាំ២០១៨ កន្លងទៅ។ ជាមួយការបង្ហាញខ្លួនយ៉ាងល្អរកបាន៧គ្រាប់ ក្នុងចំណោម១១ប្រកួតកន្លងមក ។

អ្នកចាត់ការដដែលបន្ថែមថា កីឡាករជនជាតិប្រេស៊ីលខាងលើមានភាពយល់ចិត្តគ្នាល្អជាមួយកូនក្រុម ជាពិសេសយុវជនរបស់ក្លិបតែម្ដង ហើយគេក៏ជាកីឡាករប្រកបដោយគុណភាព និងមានបទពិសោធជួយក្រុមបានច្រើននាពេលកន្លងមក។

អ្វីដែលសំខាន់អតីតខ្សែប្រយុទ្ធឆ្នើមបន្ថែមថា ភ្នំពេញក្រោនកំពុងដុតដៃដុតជើងស្វែងរកកីឡាករបរទេសថែមទៀតសម្រាប់ជុំទី២នៃក្របខណ្ឌ Metfone Cambodian League ជាពិសេសពីលីគក្បែរខាងកម្ពុជា ដែលមានថៃ, វៀតណាម និងម៉ាឡេស៊ីជាដើម។

លោក កែវ សុខង៉ន ពន្យល់ ៖”ដោយសារយើងទាំងអស់គ្នាឃើញហើយគុណភាពរបស់គាត់ និងការលេងស៊ីចង្វាក់ជាមួយគ្នាជាមួយយុវជនរបស់យើង និងកីឡាករមានបរទេសពិសោធមួយចំនួនទៀត ធ្វើឲ្យយើងសម្រេចចិត្តបន្តកុងត្រាជាមួយគាត់ដល់ឆ្នាំ២០២០តែម្ដង”។

សូមបញ្ជាក់ផងដែរថា ក្រុមជើងឯក MCL ៦សម័យភ្នំពេញក្រោនក៏ទើបតែបញ្ចប់កិច្ចសន្យាកីឡាករជប៉ុន Shuhei Mitsuhashi ផងដែរ។ ដូច្នេះបច្ចុប្បន្ន ក្រុមដឹកនាំដោយគ្រូបង្គោលបណ្ដោះអាសន្ននៅសល់កីឡាករបរទេសតែម្នាក់ប៉ុណ្ណោះ គឺ Paulo Victor នេះឯង៕