(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាដល់កីឡាករ-កីឡាការិនីជយលាភីចំនួន ៣ប្រភេទកីឡា រួមមានកីឡាប៉េតង់, តុងហ្គីលម៉ូដូ និងកីឡាសូហ្វតេន្នីស ក្រោយចូលរួមការប្រកួតអន្ដរជាតិចំនួន ៤ព្រឹត្តិការណ៍ ដោយមានទឹកប្រាក់សរុប ៤៧១,១០០,០០០រៀល ។

ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តនេះ បានធ្វើឡើងក្រោមវត្តមានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ដ្រីក្រោមឱវាទ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជ័យលាភីផងដែរ ។

លោក ស សុខា មានប្រសាសន៍ថា នេះគឺជាមោទកភាព ដែលកីឡាករ-កីឡាការិនី ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ ហើយបានបង្ហាញទង់ជាតិ លើឆាកអន្ដរជាតិ តាមរយៈការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ដោយស្មើមុខមាត់ជាមួយបណ្ដាប្រទេស លើពិភពលោក ។ ដូច្នេះស្របពេលប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ រាជរដ្ឋាភិបាល ក៏បានរៀបចំនូវថវិកា សម្រាប់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដណ្ដើមបានជ័យលាភីផងដែរ ។

ចំពោះសមិទ្ធផល និងប្រាក់រង្វាន់ ត្រូវបានប្រគល់ខាងលើ រួមមានកីឡាប៉េតង់ បានចូលរួមប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី១ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌា ដណ្ដើមបានមេដាយប្រាក់ ៨គ្រឿង ទទួលបានប្រាក់រង្វាន់សរុប ១៣០លានរៀល ។ កីឡាតុងហ្គីលម៉ូដូ ចូលរួមប្រកួតជើងឯកពិភពលោក ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌា ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ២ ទទួលបានប្រាក់រង្វាន់សរុប ៦៦លានរៀល ។

ដោយឡែកកីឡាសូហ្វតេន្នីស បានចូលរួមប្រកួត ២ព្រឹត្តិការណ៍ ក្នុងនោះចូលរួមប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨ នៅហ្វីលីពីន ឈ្នះមេដាយមាស ៤, ប្រាក់ ១៣ និងសំរឹទ្ធ ៧គ្រឿង ទទួលបានប្រាក់រង្វាន់សរុប ២១៧,៩០០,០០០រៀល និងចូលរួមប្រកួតកីឡាសូហ្វតេន្នីសជ្រើសរើសជើងឯកយុវជនពិភពលោក លើកទី២ នៅសាធារណៈរដ្ឋកូរ៉េ ឈ្នះមេដាយសំរឹទ្ធ ទទួលបានប្រាក់រង្វាន់សរុប ៥៧,២០០,០០០ ៕