(ក្រុងឡុងដ៍)៖ ក្លឹបតោខៀវ Chelsea នឹងចំណាយលុយប្រមាណ ៥១លានដុល្លារ ដើម្បីទិញកីឡាករខ្សែបម្រើប្រយុទ្ធ Mateo Kovacic បន្ទាប់ពីខ្ចីជើងបាន ១រដូវកាលកន្លងទៅ បើទោះបីជាក្លឹបអង់គ្លេសមួយនេះបានកំពុងជាប់បម្រាមទិញ ដូរកីឡាកររយៈពេល ២ឆ្នាំក៏ដោយ។

Kovacic ជាកម្លាំងសំខាន់មួយរូបនៅទឹកដី Stamford Bridge ដែលបានជួយឲ្យ Chelsea បញ្ចប់ទៅដោយចំណាត់ ថ្នាក់លេខ៣ នៅ Premier League រដូវកាលឆ្នាំ២០១៨-២០១៩ និងឈ្នះពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League ផងដែរ ក្រោមការដឹកនាំរបស់គ្រូបង្វឹ Maurizio Sarri ក្នុងខណៈកិច្ចសន្យាខ្ចីជើងរបស់ Kovacic នឹងផុតកំ ណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះហើយ។

ប្រសិនបើរវាងក្លឹប Chelsea និង Real Madrid របស់អេស្ប៉ាញព្រមព្រៀងគ្នាមែននោះ នោះ Chelsea នឹងបំពានបម្រាមរបស់ FIFA យ៉ាងប្រាកដមុនទណ្ឌកម្មទិញដូរកីឡាករនឹងផុតកំណត់រហូតដល់ចុងខែមករា ឆ្នាំ២០២០ ខាងមុខ។

Kovacic បង្ហាញខ្លួនបាន ៣២ប្រកួតនៅ Premier League រដូវកាលមុន ក្រោយត្រូវបានអ្នកចាត់ការទូទៅ Sarri នាំ យកពី Real Madrid ដើម្បីជាដៃគូជាមួយ Ross Barkley ផងដែរក្នុងតំបន់បម្រើការពារ និងប្រយុទ្ធ។ ទន្ទឹមគ្នានោះ ក្លឹបតោខៀវ Chelsea ក៏រំពឹងចុះហត្ថលេខាជាមួយគ្រូបង្វឹក Frank Lampard ដើម្បីដឹកនាំផងដែរ ដើម្បីជំនួសកៅអីលោក Sarri ដែលបានលាឈប់ទៅដឹកនាំ Juventus នៃប្រទេសអ៊ីតាលីវិញ៕