(លីហេវ)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីអង់គ្លេស បានកក់កៅអី១ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិ ការណ៍បាល់ទាត់ស្រ្តីពិភពលោក FIFA Women World Cup 2019 បន្ទាប់ពីទម្លាក់គូប្រជែងស្រ្តីន័រវេស ក្នុងលទ្ធផល ៣-០ នាយប់មិញនេះដែលប្រទេសបារាំង ធ្វើម្ចាស់ផ្ទះ។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Le Havre នារាត្រីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៃវគ្គ ៨ក្រុមចុងក្រោយសម្រាប់ក្រុមដែលស្ថិតនៅទ្វីបអឺរ៉ុបដូចគ្នាផងនោះ កីឡាការិនី Scott រកបានគ្រាប់ទី ១ ឲ្យអង់គ្លេសត្រឹមចាប់ផ្តើមលេងបានតែ ៣នាទីប៉ុណ្ណោះ មុនពេលមិត្តរួមក្រុម White រកបានគ្រាប់ទី២ នៅនាទី៤០ ដែលធ្វើឲ្យការប្រកួតមានគម្លាតគ្នាជាខ្លាំង និងបន្ថែមគ្រាប់ទី៣ ទៀតដោយកីឡាការិនី Bronze នៅនាទី៥៧ រហូតដល់ ចប់ការប្រកួតពេញម៉ោង ៩០នាទីតែម្តង។

នេះក៏ជាលើកទី២ ផងដែរសម្រាប់ក្រុមបាល់ទាត់ស្រ្តីអង់គ្លេសដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក៏ជា ក្រុមទី១ ផងដែរដែលបានឡើងទៅឈរចាំមុន ដោយត្រូវរង់ចាំក្រុមឈ្នះរវាងម្ចាស់ផ្ទះបារាំង ប៉ះក្រុមការពារតំណែងជើងឯកអាមេរិក នាយប់នេះដែលនឹងធ្វើឡើងនៅទីក្រុងប៉ារីស៕