(ភ្នំពេញ)៖ ករណីបាក់រលំអគារ​កម្ពស់៧ជាន់ ស្ថិតនៅខេត្តព្រះសីហនុ ដែលបណ្ដាលឲ្យកម្មករ​-កម្មការិនីជាច្រើនអ្នកបានស្លាប់បាត់បង់ជីវិត និងជាច្រើនអ្នកទៀតរងរបួស គឺជាការចងចាំដ៏សោកសៅ និងមិនអាចបំភ្លេចបានពីសំណាក់បងប្អូនជនរួមជាតិខ្មែរ និងក្រុមគ្រួសារនៃសពផ្ទាល់ គឺពិតជាឈឺចាប់ និងខ្លោចផ្សារជាទីបំផុត​។

ក្រោយហេតុការណ៍ដ៏អាក្រក់នេះ ប្រជាជនខ្មែរទាំងក្មេងចាស់ប្រុស-ស្រីបាននាំគ្នាចូលរួមលើកទឹកចិត្ត និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារសព និង​ព្រមទាំងអ្នករងរបួសទាំងអស់ ហើយទន្ទឹមនឹងនោះតារាចម្រៀងប្រុស-ស្រីជាច្រើនដួងក៏បានបង្ហើរសំនៀង ច្រៀងរៀបរាប់ពីសោកនាដកម្មដ៏រន្ធត់មួយនេះយ៉ាងកម្សត់។

ជាក់ស្ដែង ដើម្បីជាការចូលរួមសម្ដែងនូវក្ដីសោកសៅ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព តារាចម្រៀងដ៏មានប្រជាប្រិយភាពរបស់ផលិតកម្មថោន លោក ខេម បានបញ្ចេញនូវបទចម្រៀងរបស់ខ្លួន ដែលមានចំណងជើងថា «អគារមច្ចុរាជ» ដែលមានអត្ថន័យទាំងស្រុងរៀបរាប់ពីសោកនាដកម្មបាក់រលំអគារដ៏រន្ធត់ ដែលបានកើតឡើង និងរៀបរាប់ទាំងឈឺផ្សា ធ្វើឲ្យមហាជនស្ទើរតែស្រក់ទឹកភ្នែក ក្រោយពេលដែលបានសណ្ដាប់នូវបទចម្រៀងមួយបទនេះហើយ។

គេសង្កេតឃើញថា តាមរយៈការបកស្រាយចម្រៀង និងអត្ថន័យទាំងមូលនៃបទចម្រៀងពិតជាកម្សត់ និងស្ទើរតែធ្វើឲ្យអ្នកស្តាប់បទមួយនេះស្រក់ទឹកភ្នែកតាម ខណៈបទចម្រៀងដែលតារាចម្រៀងលោក ខេម បានបញ្ចេញ ក៏ដូចជាធ្វើការបកស្រាយ គឺពិតជាធ្វើឲ្យទស្សនិកជននឹកឃើញដល់ហេតុការណ៍ដ៏រន្ធត់នៃការបាក់រលំអគារ ធ្វើឲ្យបាត់បង់ជីវិតកម្មករ-កម្មការិនីជាច្រើនអ្នក ដោយហេតុការណ៍មួយនេះនៅតែដក់ជាប់ក្នុងកែវភ្នែកជានិច្ច។

ចង់ដឹងថា បទថ្មីរបស់លោក ខេម មួយបទនេះ​ កម្សត់ខ្លាំងយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន​សណ្ដាប់ទាំងអស់គ្នា​៖