(ភ្នំពេញ)៖ ពិធីឧទ្ទិសកុសលដល់​ដួងវិញ្ញាណក្ខន្ធកម្មករ-កម្មការិនីទាំង២៨នាក់ ដែលបាន​ស្លាប់​ដោយការ​បាក់រលំអគារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្សតិ៍ ទី២៧ មិថុនានេះ នៅ​វត្តនាគវ័ន្ត កុដិលេខ២៤ អ្នកសិល្បៈល្បីៗជាច្រើនដួង ដឹកនាំឲ្យប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងព្រះព្រហ្ម វិជ្ជា នី សុវណ្ណ មុនី រ៉េត បានរៀបចំវិធីបុណ្យគម្រប់៧ថ្ងៃជូន នៅថ្ងៃនេះ។

​ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានអំពាវនាវដល់​បងប្អូនសិល្បករ-សិល្បការិនី និងបងប្អូនជនរួមជាតិខ្មែរទាំងអស់ សូមគោរពអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធចំពោះបងប្អូនជនរងគ្រោះ ​ដែលបានស្លាប់ដោយឧបទ្ទវហេតុបាក់រលំអគារ៧ជាន់ នៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅថ្មីៗនេះ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា ការប្រកាសអញ្ជើញបងប្អូនជាសាធារណៈបែបនេះ អ្នកនាងសង្ឃឹមថា បងប្អូននឹងមិនប្រកាន់ ព្រោះអ្នកនាង​បានអញ្ជើញក្នុង Group រួចហើយ អ្នកនាង​អត់មានពេលឆាត Private បានគ្រប់ៗគ្នាទេ ព្រោះមានការងារច្រើនដែលត្រូវធ្វើ។ ដូច្នេះបើក្រុមការងារ ឬជំនួយការអ្នកនាងទូរស័ព្ទអញ្ជើញបងប្អូន សូមកុំប្រកាន់។

ទីតាំងដែលរៀបចំពិធីបុណ្យ គឺនឹងប្រព្រឹត្តធ្វើឡើងនៅវត្តនាគវ័ន វេលាម៉ោង៨ព្រឹកថ្ងៃទី២៧មិថុនា ខណៈអ្នកផ្តើមកម្មវិធីរួមមាន​ ព្រះព្រហ្ម វិជ្ជា នី សុវណ្ណ មុនី រ៉េត មេកុដិលេខ២៤ វត្តនាគវ័ន រាជធានី​ភ្នំពេញ, ប្រធានសមាគមសិល្បករខ្មែរ និងអ្នកសិល្បៈល្បីៗជាច្រើនរូបទៀត៕