(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ ប្រចាំសប្តាហ៍ទី១៣ ក្រុមដែលបានរបូតដល់ទៅ ១១៤គ្រាប់ កំពង់ចាម នឹងត្រូវប៉ះខ្លាំងភ្នំពេញក្រោន នាថ្ងៃអាទិត្យ ទី៣០ ខែមិថុនា នៅក្នុងទឹកដីនៃកីឡដ្នាន ខ.ភ.ម (ស្តាតចាស់) នាម៉ោង ៣៖៣០នាទីរសៀល។

ទាក់ទងទៅនឹងការប្រកួតរបស់ខេត្តកំពង់ចាម កាលពីសប្តាហ៍ទី១២ កន្លងទៅបានចាញ់ក្រុមគិរីវង់សុខសែនជ័យ យ៉ាងចាស់ដៃក្នុងលទ្ធផល ១២-០ ដែលធ្វើឲ្យពួកគេកើតគ្រាប់របូតដល់ទៅ ១១៤គ្រាប់ក្នុងជើងទី១ ត្រឹមឆ្លងកាត់ ១២សប្តាហ៍ប៉ុណ្ណោះ ជាមួយនឹងការបានជ័យជម្នះតែម្តងគត់ និងចាញ់ ១១ដង មាន ៣ពិន្ទុបន្តឈរនៅបាតតារាងក្នុង ចំណោម ១៤ក្រុម។

ចំណែកក្រុមភ្នំពេញក្រោនវិញ សប្តាហ៍ទី១២ កន្លងទៅ បានយកឈ្នះក្រុមអង្គរថាយហ្គឺរ ត្រឹម ១-0 ក្នុងទឹកដីរបស់ខ្លួន ដែលធ្វើឲ្យក្រុមជោគជ័យក្នុងពានលីគកំពូលមួយនេះ រកបានជ័យជម្នះលើកទី៧ ក្រៅពីចាញ់ ៥ដង មិនដែលស្មើ ឈរនៅលេខរៀងទី៦ មាន ២១ពិន្ទុបណ្តោះអាសន្ន៕