(ភ្នំពេញ)៖ អតីតតារាចម្រៀងប្រុសរបស់ផលិតកម្មហង្សមាស លោក ប៊ុត សីហា បានចេញនូវបទចម្រៀងថ្មីមួយបទ ក្នុងផលិតកម្ម «មរតកមេឌៀ» បន្ទាប់ពីរឿងអាស្រូវពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនរបស់ខ្លួនហាក់ត្រូវបានស្ងប់ស្ងាត់។ ជាមួយនឹងបទចម្រៀងថ្មីរបស់លោក ប៊ុត សីហា មានចំណងជើងថា «បងមិនទាន់ចាស់ទេ» មួយបទនេះ ហាក់មានការពេញនិយម ក៏ដូចជាចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ។

ជាការពិត បើទោះបីជាមួយរយៈកន្លងទៅតារាចម្រៀងលោក ប៊ុត សីហា បានរងនូវខ្យល់ព្យុះព័ត៌មានអាស្រូវពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន បោកបក់ខ្លាំងយ៉ាងណាក៏ដោយ តែអ្វីដែលការចាប់អារម្មណ៍នោះ ប្រិយមិត្តទស្សនិជកជននៅតែគាំទ្រក៏ដូចជាចូលចិត្តសណ្ដាប់នូវបទច្រៀងរបស់លោកខ្លាំងដដែល នេះក៏ព្រោះតែលោកមានទឹកដមសំឡេង ដ៏ក្រអួនក្រអៅ ស្ដាប់មិនចេះជិនណាយ ។

ជាក់ស្ដែង ចំពោះបទថ្មីមានចំណងជើងថា «បងមិនទាន់ចាស់ទេ» របស់ ប៊ុត សីហា ចេញក្នុងផលិតកម្ម «មរតកមេឌៀ» ដែលរៀបរាប់ពីចំណងស្នេហ៍របស់គូសង្សារមួយគូ ដែលពីដើមឡើយស្រឡាញ់គ្នាល្អូកល្អិនណាស់ ប៉ុន្តែចុងក្រោយខាងស្រីបានសម្រេចដើរចេញ ធ្វើឲ្យខាងប្រុសរស់នៅទូលទុក្ខផ្ដុំដោយវិប្បដិសារីស្រែកអង្វរ ឲ្យម្ចាស់ជីវិតវិលត្រឡប់មកវិញ ព្រោះរូបគេពិតមិនអាចរស់បានដោយគ្មាននាងឡើយ។

ប្រិយមិត្តជាច្រើនដែលបានស្ដាប់បថ្មីរបស់តារាចម្រៀងរូបនេះហើយ សុទ្ធតែពោលថាបទថ្មីមួយនេះពិតជាចាក់ចំបេះដូងរបស់ពួកគេ និងថាពួកគេស្រឡាញ់បទមួយនេះ ។ បទ «បងមិនទាន់ចាស់ទេ» គឺជាបទថ្មីរបស់តារាចម្រៀងលោក ប៊ុត សីហា បន្ទាប់ពីបទ «ផ្លូវទាល់», «យើងលែងជាស្នេហាហើយ» និងបទ «គ្មានអ្នកណាកែចិត្តបងទេ» ដែល​សុទ្ធសឹងជាបទពីរោះ និងទទួលបានការគាំទ្រខ្លាំង។ យ៉ាងណាមិញបទថ្មីនេះ ក៏ទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។

តោះចង់ដឹងថា បទចម្រៀង «បងមិនទាន់ចាស់ទេ» របស់ប៊ុត សីហា ពីរោះ និងមានអត្ថន័យស៊ីជម្រៅយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជនរីករាយសណ្ដាប់ទាំងអស់គ្នា៖