(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen-Cup) ថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០១៩ នៅល្ងាចថ្ងៃទី២៧ ខែមិថុនានេះ នឹងមាន ២ប្រកួតទៀតសម្រាប់វគ្គជម្រុះ ១៦ក្រុមចុងក្រោយ រួមមានភ្នំពេញក្រោន ប៉ះក្រុមភ្ញៀវខេត្តកំពង់ ចាម នៅកីឡដ្ឋាន RSN និងក្រុមព្រះខ័នរាជស្វាយរៀង បើកទ្វារផ្ទះទទួលក្រុមខេត្តត្បូងឃ្មុំ។ តាមរយៈ ២ប្រកួតនេះ គេមើលឃើញថា ភ្នំពេញក្រោន និងស្វាយរៀង សុទ្ធតែមានលទ្ធភាពខ្ពស់ក្នុងការដណ្ដើមជ័យជម្នះ។

លោក ស៊ុ វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោនបានបញ្ជាក់ថា សម្រាប់ពានរង្វាន់ Hun Sen-Cup ឆ្នាំនេះ កូនក្រុមខ្លួនមាន លទ្ធភាពអាចប្រកួតប្រជែងកម្រិតខ្ពស់បាន ទោះបីពួកគេនៅក្មេងខ្ចី និងជាយុវជនភាពច្រើនក្ដី។ ការអះអាងនេះ ដោយសារលោកជឿជាក់ទៅលើការបង្ហាញខ្លួនក្នុងលីគកន្លងមក ហេតុនេះទើបដាក់ការជឿជាក់បែបនេះ ប៉ុន្ដែលោកមិនទាន់ហ៊ាននិយាយពីការលើកពាននោះទេ សំខាន់លោកសង្ឃឹមថា ភ្នំពេញក្រោន នឹងបានឆ្លងទៅវគ្គបន្ដបន្ទាប់ទៀត។

ស្រដៀងគ្នាដែរ ក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមជោគជ័យជាងគេក្នុងពានសម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះ ទោះបីត្រូវប៉ះក្រុមទើបលើកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត គឺខេត្តត្បូងឃ្មុំកាលពីពេលថ្មីៗ ប៉ុន្ដែផ្អែកលើបទពិសោធន៍ និងធនធានកីឡាករ ត្បូងឃ្មុំមិនមែនជាឧបសគ្គធំរបស់ស្វាយរៀងនោះទេ ស្របពេលបច្ចុប្បន្នក្រុមលោក Conor Nestor កំពុងធ្វើព្យុះភ្លៀងក្នុងលីគ ដោយមិនទាន់ស្គាល់ចាញ់ឡើយ។ ដូច្នេះព្រះខ័នរាជស្វាយរៀង មានសង្ឃឹមខ្ពស់នឹងបានឡើងទៅវគ្គបន្ដ។

គួរបញ្ជាក់ថា សម្រាប់វគ្គជម្រុះ ១៦ក្រុមនៃពានថ្នាក់ជាតិនេះ ក្រុមនីមួយៗត្រូវធ្វើការប្រកួត ២ជើងដូចគ្នា ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គ ៨ក្រុមចុងក្រោយ។ បន្ទាប់ពីរកឃើញបេក្ខភាពឡើងវគ្គបន្ដ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងរៀបចំពិធីចាប់គូប្រកួតបន្ដទៀតនាពេលឆាប់ៗខាងមុខ៕