(សេអ៊ូល)៖ នៅថ្ងៃទី២៧ ខែមិថុនានេះ អ្នកតំណាងផ្នែកច្បាប់របស់តារាសម្ដែងប្រុស Song Joong Ki បានបង្ហាញលិខិតផ្លូវការមួយទៅកាន់អ្នកសារព័ត៌មានថា «នៅថ្ងៃទី២៦ ពួកយើងបានស្នើសុំលែងលះជំនួសឲ្យ Song Joong Ki ទៅកាន់តុលាការគ្រួសាររបស់ទីក្រុងសេអ៊ូល»

បន្ថែមពីនេះទៀត Song Joong Ki ក៏បានផ្ញើរពាក្យតាមរយៈអ្នកតំណាងផ្នែកច្បាប់របស់ខ្លួនថា «ជាលើកដំបូង ខ្ញុំចង់ផ្ញើពាក្យសុំទោសទៅកាន់អ្នកគ្រប់គ្នា ហើយដោយក្ដីស្រឡាញ់ពីខ្ញុំ សម្រាប់ព័ត៌មានដ៏អាក្រក់មួយនេះ។ ខ្ញុំបានសម្រេចចិត្តឈានទៅដល់ការលែងលះជាមួយ Song Hye Kyo។ ជាជាងការអូសបន្លាយដំណើរ ដោយគិតពិចារណាវែងឆ្ងាយពីកំហុសរៀងខ្លួន និងចំអកមើកងាយគ្នាទៅវិញទៅមក ខ្ញុំសង្ឃឹមថានឹងបញ្ចប់ការលែងលះនេះដោយមេត្រីភាព។ ខ្ញុំសុំ​ការយោគយល់ពីអ្នកទាំងអស់គ្នា ថាវាគឺជាការលំបាក ក្នុងការទម្លាយរឿងលម្អិតពីជិវិតផ្ទាល់ខ្លួនរបស់ពួកយើង ហើយខ្ញុំសន្យាថា នឹងប្រឈមមុខចំពោះបញ្ហានេះ និងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អក្នុងនាមជាតារាសម្ដែងម្នាក់»

បន្ទាប់ពីមានការប្រកាសរបស់ Song Joong Ki ពីការលែងលះ ភ្លាមៗនោះផងដែរលោកស្រី Song Hye Kyo ដែលជាភរិយាក៏បានចេញមុខពន្យល់ពីមូលហេតុមួយចំនួន តាមរយៈផលិតកម្ម United Artists Agency ដែលធ្វើឲ្យខ្លួនសម្រេចចិត្តឈានដល់ការលែងលះជាមួយ Song Joong Ki។ អ្នកតំណាងរបស់ផលិតកម្ម United Artists Agency បានឲ្យដឹងថា «ពួកយើងយល់ថា វាជារឿងអកុសលមួយជា​មួយ​ដំណឹង​ទុក្ខសោកមួយនេះ។ បន្ទាប់ពី​ការពិចារណា​ដោយ​ម៉ត់ចត់ តារា​សម្ដែង​ Song Hye Kyo និងស្វាមី​ បាន​បោះ​ជំហានឈាន​ដល់​ការ​លែង​លះ»

ទីភ្នាក់ងារដដែលបានបន្តថា «ហេតុផលសម្រាប់ការលែងលះគ្នាដោយសារភាពខុសគ្នានៅក្នុងបុគ្គលិកលក្ខណៈ ហើយដោយសារតែមនុស្ស ០២នាក់ មិនអាច​ដោះស្រាយនឹងភាពខុសគ្នារបស់ពួកគេបាន ត្រូវបង្ខំឲ្យធ្វើការសម្រេចចិត្តបែបនេះ។ យើងខ្ញុំសូមឲ្យមានការយោគយល់ពីទាំងអស់គ្នា ហើយពួកយើងសុំមិនពន្យល់វែងឆ្ងាយពីព័ត៌មានលម្អិត​បន្ថែមទៀតនោះទេ ដោយសារតែយើងគោរពពីជីវិតឯកជនរបស់តារាសម្ដែងទាំងពីរ។ ជារួមពួកយើងសុំឲ្យអ្នកទាំងអស់គ្នា កុំបង្កើតរឿងអាស្រូវ និងបញ្ចេញមតិដោយការស្មាន»

គួរបញ្ជាក់ថា ប្ដីប្រពន្ធត្រកូល Song បានរៀបការជាមួយគ្នាកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៧ ពោលគឺក្រោយពេលដែលអ្នកទាំងពីរបានចូលរួមសម្ដែងរឿងមួយរួមគ្នា ដែលមានចំណងជើងថា «ម្ចាស់ព្រះអាទិត្យ» ឬ «Descendants of the Sun»៕