(សេអ៊ូល)៖ រំលងអស់រយៈពេល ១ខែ កន្លងផុតទៅហើយ ដែលតារាស្រី Goo Hara ប៉ុនប៉ងធ្វើអត្តឃាតបញ្ចប់ជីវិតរបស់នាង ប៉ុន្តែមិនបានសម្រេច ហើយនៅពេលនេះ Goo Hara ត្រូវបានគេដឹងថា ត្រឡប់មកផ្សព្វផ្សាយចម្រៀងវិញ ដោយនឹង​បង្ហាញខ្លួននៅក្នុងកម្មវិធី TV Tokyo Music Festival ឆ្នាំ២០១៩ នៅប្រទេសជប៉ុន។

TV Tokyo Music Festival 2019 គឺជាកម្មវិធីតន្រ្ដីពិសេសមួយ ដែលបានចាក់ផ្សាយតាំងពីឆ្នាំ២០១៤។ ភ្ញៀវកិតិ្តយសដែលនឹងចូលរួមកម្មវិធីក្នុងឆ្នាំនេះរួមមាន Goo Hara, Arashi, KinKi Kids,V6, AKB48, និង Koda Kumi។ Goo Hara ក៏បានបញ្ជាក់ពីវត្តមានរបស់នាងក្នុងកម្មវិធីនេះ ដោយការបង្ហោះវីដេអូមួយក្នុងគណនីអ៊ីនស្តារក្រាមរបស់នាង។ ហើយកាលពីពេលថ្មីៗនេះ Goo Hara ក៏បាន​ចុះ​កុង​ត្រា​ជាមួយ​នឹង​ភ្នាក់​ងារ​ថ្មី​មួយ​នៅ​ប្រទេសជប៉ុន​ផងដែរ ដើម្បីបន្ត​ការ​ផ្សព្វ​ផ្សាយ​ចម្រៀង​របស់​នាង​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ច្បាស់​ថា ​ពេល​ណា​នឹង​វិល​មក​វិស័យ​ចម្រៀង​វិញ​ឡើយ​៕