(សេអ៊ូល)៖ រឿងក្ដីពាក់ព័ន្ធនឹងការបំពានផ្លូវភេទរបស់តារាចម្រៀងប្រុស Himchan ដែលជាអតីតសមាជិកក្រុម B.A.P ត្រូវបានបញ្ចូនទៅកាន់តុលាការ បន្ទាប់ពីតារារូបនេះត្រូវបានគេចោទប្រកាន់ពីបទបំពានផ្លូវភេទ ទៅលើស្រ្ដីអាយុ ២០ឆ្នាំម្នាក់ ដោយគ្មានការឃុំខ្លួនទុក កាលពីខែមេសាកន្លងទៅ។

Himchan ត្រូវបានគេសង្ស័យថា ធ្វើការបំពានទៅលើស្រ្ដីម្នាក់ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨ អំឡុងពេលមានពិធីជប់លៀងមួយជាមួយបុរស ៣នាក់ និងស្រ្ដី ៣នាក់ នៅឯខេត្ត Gyeonggi-do ប្រទេសកូរ៉េ។ ក្នុងនោះស្រ្ដីមិនបង្ហើបឈ្មោះម្នាក់បានតេទូរសព័្ទទៅប៉ូលិស ហើយបានប្ដឹងថា Himchan បានបំពានផ្លូវភេទ។ អំឡុងពេល​ដែលប៉ូលិសធ្វើការស៊ើបអង្កេត ស្រ្ដីមិនបង្ហើបឈ្មោះខាងលើបានអះអាងថា នាងបានទទួលរងនូវការបំពានផ្លូវភេទ ខណៈដែល Himchan បដិសេធពីការចោទប្រកាន់ខាងលើ ដោយអះអាងថា ពួកគេទាំងពីរនាក់មានចិត្តឲ្យគ្នាទៅវិញទៅមក។

ទោះជាយ៉ាងណាក្ដី បន្ទាប់ពីបានត្រួតពិនិត្យឡើងវិញនូវសេចក្ដីថ្លែងការណ៍ពីអ្នកចូលបំភ្លឺ (សាក្សី) ​ប៉ូលិសបានទទួលស្គាល់ថា ការចោទប្រកាន់ទៅលើ Himchan គឺជារឿងពិត និងបានប្ដឹងឡើងតុលាការដល់លោក Himchan ដោយគ្មានការឃុំឃាំង។ ការកាត់ក្ដី​ Himchan នឹងចាប់ផ្ដើមធ្វើឡើង នៅថ្ងៃទី ១២ ខែកក្កដា ខាងមុខនេះ៕