(ភ្នំពេញ)៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៦ ចម្ងាយ ៤២គីឡូម៉ែត្រ នឹងត្រូវរៀបចំនាថ្ងៃទី០៤ ខែសីហាខាងមុខ នៅតំបន់អង្គរ ខេត្តសៀមរាប ស្របពេលភ្ញៀវទេសចរចិន បានរក្សាតំណែងចូលរួមច្រើនជាងគេ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញនៅទីស្នាក់ការ NOCC។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា បច្ចុប្បន្នអ្នកចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះទទួលបានជិត ២,០០០នាក់ហើយ ដែលមកពី ៣៨ប្រទេស ក្នុងនោះមានភ្ញៀវទេសចរចិនច្រើនជាងគេ ដូចកាលពីឆ្នាំ២០១៨ ដែរ ។ តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺមិនសូវមានប្រជាពលរដ្ឋខ្មែរចុះឈ្មោះនោះទេ ដោយបណ្ដោះអាសន្ន ទើបមានប្រជាពលរដ្ឋខ្មែរចូលរួមប្រមាណ ៣០០នាក់ប៉ុណ្ណោះ ។

លោកបន្ដថា ការរៀបចំនេះ ផ្ដោតសំខាន់ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងរដូវភ្លៀងធ្លាក់ ដែលមានភ្ញៀវទេសចរធ្លាក់ចុះ ។ ហេតុនេះលោកបានស្នើប្រជាពលរដ្ឋខ្មែរ រួសរាន់ចុះឈ្មោះឲ្យបានច្រើន ដើម្បីងាយស្រួលក្នុងការរៀបចំ និងរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរជាតិ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរបរទេសមកប្រទេសកម្ពុជា ពិសេសខេត្តសៀមរាបផ្ទាល់តែម្ដង ។

សម្រាប់តម្លៃចុះឈ្មោះ វិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែទ្រ ខ្មែរតម្លៃ ២០ដុល្លារ និងបរទេសតម្លៃ ៦០-៦៥ដុល្លារ, ២១គីឡូម៉ែត្រ ខ្មែរតម្លៃ ១៥ដុល្លារ និងបរទេស ៥០-៥៥ដុល្លារ, ១០គីឡូម៉ែត្រ ខ្មែរតម្លៃ ១២ដុល្លារ និងបរទេសតម្លៃ ៤៥-៥០ដុល្លារ និងរត់ចម្ងាយ ៣គីឡូម៉ែត្រ ខ្មែរ ៥ដុល្លារ និងបរទេស ២០-៣០ដុល្លារ ។

ចំពោះគោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍នេះ ក្រៅពីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ NOCC ក៏បានផ្សាភ្ជាប់ព្រឹត្តិការណ៍ ទៅនឹងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារផងដែរ ។ មិនតែប៉ុណ្ណោះ ក៏មានការបន្ថែមនូវប្រធានបទថ្មី “យើងនាំគ្នារត់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣” ដើម្បីផ្សព្វផ្សាយអំពីការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជាផងដែរ៕