(តូក្យូ)៖ លោក Hajime Moriyasu គ្រូបង្វឹកក្រុមជម្រើសជាតិសាម៉ូរៃខៀវជប៉ុន ដែលបានដឹកក្រុមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់អាមេរិកឡាទីន Copa America 2019 ដែលធ្វើឡើងនៅប្រទេសប្រេស៊ីលថា នេះជាការប្រកួតដកស្រង់សមត្ថភាពកូនក្រុម និងជាដំណើរសិក្សាយ៉ាងល្អមួយ។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបានថ្លែងប្រាប់គេហទំព័រ AFC នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ថា ក្រុមបាល់ទាត់សាំម៉ូរៃជប៉ុនពិតជាបានរៀនសូត្យជាច្រើន ពីការចូលរួមប្រកួតនៅតំបន់អាមេរិកឡាទីន ក្នុងការប្រជែងពាន Copa America 2019 ដែលត្រូវបានម្ចាស់ផ្ទះប្រេស៊ីល អញ្ជើញឲ្យចូលរួមប្រកួត ហើយលោកពិតជាសោកស្តាយក្រោយពីបាត់ឱកាលឡើងវគ្គ ៨ក្រុមចុង ក្រោយលេងស្មើ ១-១ ទល់នឹងអេក្វាទ័រ និងបានតតាំងជាមួយក្រុមខ្លាំងលំដាប់ពិភពលោកដទៃទៀត មានដូចជាអ៊ុយរ៉ាហ្គាយជាដើម។

លោកបន្តទៀតថា កូនក្រុមខ្លួនពិតជាបានសិក្សាច្រើនក្នុងការប្រកួតប្រជែងយកពានខាងលើ ទោះមិនទទួលបានជោគជ័យក៏ដោយ ដើម្បីត្រៀមប្រកួតកម្រិត U-23 នៃព្រឹត្តិការណ៍ Olympics នៅទីក្រុងតូក្យូ នាឆ្នាំក្រោយ៕