(បរទេស)៖ ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះគ្រាប់រ៉ុក្កែត Falcon Heavy ចេញពីមជ្ឈមណ្ឌលយានអវកាសកេនីឌី (Kennedy) នៅរដ្ឋផ្លរីដា កាលពីថ្ងៃអង្គារ៍ ទី២៥ ខែមិថុនា ដោយបានដឹកផ្កាយរណបពិសោធន៍ចំនួន ២៤គ្រឿង ក្នុងអ្វីដែលក្រុមហ៊ុនរ៉ុក្កែតរបស់លោក Elon Musk បានហៅថាជាការបាញ់បង្ហោះមួយដ៏លំបាកបំផុត ដែលខ្លួនធ្លាប់បានប៉ុនប៉ងពីមុនមក។ នេះបើតាមការចេញផ្សាយដោយព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

បេសកកម្មនេះត្រូវបានគេចាត់ទុកថា ជាកម្មវិធីសាកល្បងយានអវកាសទី២ (STP-2) ដែលជាបេសកកម្មទី៣ សម្រាប់គ្រាប់រ៉ុក្កែត Falcon Heavy ហើយត្រូវបានគេចាត់ទុកថា ជាប្រព័ន្ធបាញ់បង្ហោះដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក៕