(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០១៩ នឹងចាប់ផ្ដើមការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយ នារសៀលថ្ងៃពុធនេះហើយ ក្រោយពន្យាពេលប្រកួត ១សប្ដាហ៍ ដើម្បីទុកឱកាសឲ្យក្លឹបនីមួយៗ ធ្វើការដោះដូរកីឡាករកាលពីពេលថ្មីៗ ។

សម្រាប់កម្មវិធីប្រកួតថ្ងៃនេះ រួមមានក្រុមអគ្គិសនីកម្ពុជា ត្រូវជួបក្រុមធ្វើដំណើរជាង ៣០០គីឡូម៉ែត្រមកពីខេត្តសៀមរាប គឺក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ខណៈក្រុមជម្រើសខេត្តសៀមរាប ក៏ត្រូវជួបក្រុមធ្វើដំណើរជាង ៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺក្រុមបឹងកេត នៅកីឡដ្ឋានស្វាយធំផងដែរ ។

អគ្គិសនីកម្ពុជា និងអង្គរថាយហ្គឺរ ធ្លាប់ជួបគ្នាម្ដងរួចមកហើយ កាលពីឆ្នាំ២០១៧ ក្នុងវគ្គ ១៦ក្រុមចុងក្រោយនេះ ហើយគេចាំបានថា ជើងទី១ ប្រកួតលើទឹកដីអង្គរថាយហ្គឺរ ក្រុមភ្ញៀវអគ្គិសនីកម្ពុជា បានលត់ ៣-០ មុនបរាជ័យក្នុងដីខ្លួនវិញ ២-៤ ។ ប៉ុន្ដែសរុបលទ្ធផល ២ជើង អគ្គិសនីកម្ពុជា ឈ្នះអង្គរថាយហ្គឺរ ៥-៤ ដើម្បីឡើងវគ្គ ៨ក្រុមចុងក្រោយ ។

ដោយឡែកក្រុមជម្រើសខេត្តសៀមរាប និងបឹងកេត ទើបតែបានជួបគ្នាលើកដំបូង បន្ទាប់ពីខេត្តសៀមរាប ទទួលបានជើងឯករង ក្នុងការប្រកួតពានថ្នាក់ខេត្ត កាលពីពេលថ្មីៗ ។ ការប្រកួតនេះ បឹងកេត ហាក់មានប្រៀបជាងក្រុមម្ចាស់ផ្ទះ ព្រោះជាក្រុមខ្លាំង នៃលីគកំពូលកម្ពុជា គួបផ្សំនឹងការបន្ថែមខ្សែប្រយុទ្ធដ៏មុតស្រួច គឺកីឡាករ ចាន់ វឌ្ឍនាកា ។ ដូច្នេះបឹងកេត មានសង្ឃឹមច្រើនក្នុងការយកឈ្នះខេត្តសៀមរាប ។

គួរបញ្ជាក់ថា វគ្គ ១៦ក្រុមចុងក្រោយ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ លើកទី១៣ នេះ គឺមាន ១៦ក្រុមចូលរួម ហើយបានចាប់គូប្រកួតកាលពីពេលថ្មីៗ ។ បន្ទាប់ពីចាប់គូរួច ក្រុមនីមួយៗ ដែលត្រូវជួបគ្នា ត្រូវធ្វើការប្រកួត ២ជើង គឺក្នុងដី និងក្រៅដី ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គ ៨ក្រុមចុងក្រោយ ។ បន្ទាប់មកគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងរៀបចំពិធីចាប់គូបន្ដទៀត ៕