(បរទេស)៖ គំនូរជីវចល​​រឿង «Mulan» របស់Disney ដែល​ល្បី​ល្បាញ​កាល​ពី​ឆ្នាំ​​១៩៩៨ ​ត្រូវបានលើកយកមកថត​​ខ្សែ​ភាព​យន្ត​ជាលើក​ដំបូង ដោយក្នុងនោះតារាស្រី ដែលច្រើនគេស្គាល់ថាសៀវឡុងនី ដែលមានឈ្មោះពិត Liu Yifei បានសម្តែង​ជា​​តួ​អង្គ​ Mulan​។ មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងជាច្រើននាក់ទៀត នៅក្នុងខ្សែភាពយន្តមួយនេះ ក៏នឹងដើរតួសំខាន់នៅក្នុងរឿងមួយនេះ ផងដែរ។

នៅក្នុងនោះ មានដូចជា តារាសម្ដែងស្រី Liu Yifei ត្រូវសម្ដែងជា Mulan, Jet Li សម្ដែងជារាជាធិរាជប្រទេសចិន, Donnie Yen សម្ដែងជាមេទ័ពTung, តារាសម្ដែង Gong Li ជាតួអង្គចិត្តអាក្រក់, Xana Tang តួអង្គបងស្រីរបស់ Mulan, Yoson An សម្ដែងជាតួអង្គ Chen Honghui ជា​គូ​ស្នេហ៍ Mulan ខុស​ពី​រឿង​តុក្កតា​ដែល​គូ​ស្នេហ៍​របស់​ Mulan ជា​ Li Shang, Jason Scott តួអង្គ​ចិត្ត​អាក្រក់, Utkarsh Ambudkar តួអង្គ​ Skath, Chum Ehelepola ជាតួអង្គ Ramtish, Ron Yuan សម្ដែងជាតួអង្គ​ទាហាន, Jimmy Wong សម្ដែងជាតួអង្គ Ling និងDoua Moua សម្ដែងជាតួអង្គ Chien-Po។

ដំបូង​ឡើយ​ ខ្សែ​ភាពយន្ត​រឿង «Mulan»នេះ មាន​គម្រោង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី០២​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ ប៉ុន្តែត្រូវ​បាន​ប្រកាស​ថា​នឹង​ត្រូវ​លើក​ទៅ​បញ្ចាំង​ក្នុង​អំឡុង​ពេល​ណា​មួយ​ក្នុង​ឆ្នាំ​២០១៩​។ ខាង​ស្ទូឌីយោ​ផលិត​រឿង​ «Mulan» បាន​ប្រកាស​ជា​សាធារណៈថារឿង​មួយ​នេះ​នឹង​ត្រូវ​ពន្យារ​ពេល​ជា​ថ្មី​ម្ដង​ទៀត ដែល​អាច​នឹង​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​គ្រប់​បណ្ដា​រោង​កុន​នៅ​ថ្ងៃ​ទី​២៧ ខែ​មិនា ឆ្នាំ​២០២០វិញ។ ខ្សែ​ភាពយន្ត​រឿង «Mulan» នេះ​ដែរ ត្រូវ​បាន​ថត​នៅ​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​ចិន ញ៉ូហ្សេឡែន និង​ប្រទេស​អូស្ត្រាលី៕ ​​