(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ David Silva បានប្រកាសពីគម្រោងចាកចេញពីក្លឹបមេឃខៀវ Manchester City ក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ ខាងមុខនេះ។

កីឡាករសញ្ជាតិអេស្ប៉ាញ Silva ត្រូវបានក្លឹបជើងឯកអង់គ្លេស Man City ទិញពីក្លឹបស្រុកកំណើត Valencia ក្នុងតម្លៃខ្លួនប្រមាណ ២៧លានដុល្លារកាលឆ្នាំ២០១០ បន្ទាប់ពីរូបគេបានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះជើងឯក FIFA World Cup ក្នុងឆ្នាំនោះនៅប្រទេសអាហ្រ្វិកខាងត្បូងរួច។

ក្នុងរយៈពេល ៩ឆ្នាំនៅកីឡដ្ឋាន Etihad បុរសវ័យ ៣៣ឆ្នាំរូបនេះបានជួយឲ្យក្លឹបមានសេដ្ឋីអារ៉ាប់ជាម្ចាស់ក្លឹបផងនោះ ឈ្នះជើងឯក Premier League បាន ៤ដង, FA Cup ២ដង, League Cup ៤ដង ពីការចូលលេងសរុបបានចំនួន ៣៩៥ប្រកួត។

Silva ក៏ជាកីឡាករសំខាន់ដែលជួយឲ្យ Man City ឈ្នះពានដល់ទៅ ៣នារដូវកាលឆ្នាំ២០១៨-២០១៩ ផងដែរ តាមរយៈចូលលេងបាន ៣៣ប្រកួតនៅ Premier League និងស៊ុតបញ្ចូលទីបាន ៦គ្រាប់ផងដែរ។

Silva បានថ្លែងប្រាប់សារព័ត៌មាន BBC ថា «រដូវកាលឆ្នាំ២០១៩-២០២០ ជារដូវកាលចុងក្រោយសម្រាប់ខ្ញុំនៅទីនេះ។ វាគ្រប់គ្រាន់ក្នុងរយៈពេល ១០ឆ្នាំជាមួយ Man City។ ខ្ញុំកំពុងស្វែងរកក្លឹប ផ្សេងទៀត ដើម្បីបន្តអាជីពនេះរហូតដល់ថ្ងៃចូលនិវត្តន៍»