(ភ្នំពេញ)៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនក្រុមកីឡាករចំនួន ២រូប ដែលដឹកនាំដោយលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធ និងជាគ្រូបង្វឹក ក្នុងការទៅចូលរួមប្រកួតនៃព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោង Thailand Windsurfing Championship & Pattaya International Windsurfing 2019 Event2 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា។

ប្រតិភូដែលបានចេញដំណើរនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា សម្រាប់ការប្រកួតនេះ គឺធ្វើឡើងលើ ៧វិញ្ញាសាដែលមានកីឡាករចូលរួមប្រមាណ ៤៥រូបដែលមកពី ៨ប្រទេសមានដូចជាម្ចាស់ផ្ទះថៃ សង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន កូរ៉េខាងត្បូង ហុងកុង ឥណ្ឌូនេស៊ី និងកម្ពុជា។

កីឡាកវ័យក្មេងរទាំង ២រូបរបស់កម្ពុជារួមមាន ប៉ាល់ សីលា និង កែវ ភារុន ដែលនឹងចូលរួមការប្រកួតលើវិញ្ញាសា RS: One Men ហើយនេះគឺជាការប្រកួតមួយ ដែលអាចឲ្យកីឡាករទូកក្តោងកម្ពុជា អាចវាស់ស្ទង់សមត្ថភាពជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ ដើម្បីត្រៀមខ្លួនចូលរួមក្នុងពឹ្រត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ ដែលនឹងធ្វើឡើងនៅខែធ្នូ ហ្វីលីពីនធ្វើម្ចាស់ផ្ទះផងនោះ៕