(ភ្នំពេញ)៖ មកទល់ពេលនេះ មានចំនួន២៨បានស្លាប់​បាត់បង់ជីវិត ក្នុងករណីបាក់រលំអគារ នៅក្នុងក្រុងព្រះសីហនុ ដែលនេះគឺជាការចងចាំដ៏ឈឺចាប់​បំផុត សម្រាប់ក្រុមគ្រួសារជនរងគ្រោះ និងប្រជាជនកម្ពុជាទាំងមូល ដែលមិនអាចបំភ្លេចបាន ព្រោះទាំងការខិតខំស្វែងរកសាកសព ពីសំណាក់ក្រុមជួយសង្គ្រោះ និងទឹកភ្នែកគ្រួសារនៃសព គឺពិតជាខ្លោចផ្សា និងគួរឲ្យសោកសង្វេគ​ខ្លាំងបំផុត ខណៈដែលថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ក៏លោកបានធ្វើការយកចិត្តទុកដាក់​ខ្លាំងបំផុតដល់ហេតុការណ៍ដ៏រន្ធត់នេះ​។

ក្នុងនោះ​ ដើម្បីជាការចូលរួមសម្ដែងនូវក្ដីសោកសៅ និងចូលរួមរំលែកទុក្ខដ៏ក្រុមគ្រួសារនៃសព តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា សុវត្ថិឌី ធារីកា បានធ្វើការបកស្រាយនូវបទចម្រៀងមួយបទ ​មានចំណងជើងថា «ខ្ញុំចូលរួមរំលែកទុក្ខ» ក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» ដែលមានអត្ថន័យយ៉ាងកម្សត់ រៀបរាប់ទាំងឈឺផ្សា ធ្វើឲ្យមហាជនស្ទើរតែស្រក់ទឹកភ្នែក ក្រោយពេលដែលបានសណ្ដាប់នូវបទចម្រៀងមួយបទនេះហើយ។

​គេសង្កេតឃើញថា តាមរយៈការបកស្រាយចម្រៀង និងអត្ថន័យទាំងមូលនៃបទចម្រៀង​ពិតជាកម្សត់ និងស្ទើរតែធ្វើឲ្យអ្នកស្តាប់បទមួយនេះ ​ស្រក់ទឹកភ្នែកតាម ខណៈដែលបទចម្រៀង ដែល សុវត្ថិឌី ធារីកា បានធ្វើការបកស្រាយ គឺពិតជាធ្វើឲ្យទស្សនិកជន នឹកឃើញដល់ហេតុការណ៍​ដ៏រន្ធត់ នៃការបាក់រលំអគារ ធ្វើឲ្យបាត់បង់ជីវិតកម្មករ កម្មការិនីជាច្រើនអ្នក ដោយហេតុការណ៍មួយនេះ នៅតែដក់ជាប់ក្នុងកែវភ្នែកជានិច្ច។

ចង់ដឹងថា ចម្រៀងដែលជាការបកស្រាយរបស់ស្រីស្អាត សុវត្ថិឌី ធារីកា ចំណងជើងថា «ខ្ញុំចូលរួមរំលែកទុក្ខ» មានអត្ថន័យកម្សត់យ៉ាងណានោះ សូមរីករាយទស្សនា និងសណ្ដាប់ទាំងអស់គ្នា៖