(ភ្នំពេញ)៖ ជាការពិតមួយរយៈមកនេះ តារាសម្តែងស្រីរាងកាយសិចស៊ី កញ្ញា ដួង ម៉ានិច ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបង្ហាញភាពស្និទ្ធស្នាលជាមួយ តារា​ចម្រៀងវ័យក្មេង ម្ចាស់បទ «គ្រាស្នេហ៍» ថៃ អតិជាតិបុត្រ។ តាមរយៈនេះ មានមិតពីមហាជនជាច្រើនលើកឡើងថា កញ្ញា ដួង ម៉ានិច Single យូរពេក ដួង ម៉ានិច អូសក្រឡា សុំស្នេហ៍ប្រុសក្មេង ខណៈទស្សនិកជនខ្លះគិតថា គ្រាន់តែជាការថត MV ចម្រៀងប៉ុណ្ណោះ។ តែយ៉ាងណា ការពិតបានបង្ហាញមកហើយ ដោយមិនមែន ដួង ម៉ានិច អូសក្រឡាទេ បែរជាតារាប្រុសវ័យក្មេង លោក បុត្រ ជាអ្នកចង់អូសក្រឡាទៅវិញ ដោយសារភាពថា ខ្លួនកំពុងលួចស្រឡាញ់ ដួង ម៉ានិច តិចៗ និងមានអារម្មណ៍ល្អពេលក្បែរគ្នាថែមទៀត។

ការលើកឡើងរបស់ ម្ចាស់បទ «គ្រាស្នេហ៍» ខាងលើនេះ បន្ទាប់ពីបានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទ ជាមួយក្រុមការងារ Fresh News។ ពាក់ព័ន្ធនឹង​សកម្មភាពស្និតស្នាលដូចគូស្នេហ៍ខុសជំនាន់ ធ្វើឲ្យមហាជនមានមន្ទិលគ្រប់គ្នានោះ លោក ថៃ អតិជាតិបុត្រ បានឲ្យដឹងថា តាមពិតទៅសកម្មភាព ដែលគ្រប់គ្នាចាប់អារម្មណ៍មកលើខ្លួន ជាមួយ កញ្ញា ដួង មានិច នោះ មិនមែនជាការសម្តែង MV ឡើយ ពោលអ្នកទាំងពីរបានជួបគ្នាដោយចៃដន្យនៅកន្លែងកំសាន្តមួយ។ អ្វីដែលពិសេសរាល់សកម្មភាពដែលបង្ហោះក្នុងបណ្តាញសង្គម គឺគ្រាន់តែធ្វើលក្ខណៈលេងសើច កំសាន្តអារម្មណ៍ប៉ុណ្ណោះ ដោយមិនដឹងស្មានថា មានមហាជនចាប់អារម្មណ៍ខ្លាំងនោះឡើយ។

ខណៈគ្រប់គ្នាកំពុងគិតថា អ្នកទាំងពីរជាគូស្នេហ៍ខុសជំនាន់នោះ តារាវ័យក្មេងរូបនេះបានបកស្រាយទាំងមិនដាច់ស្រឡះថា មានទំនាក់ទំនងស្គាល់គ្នា តែអាចយល់ចិត្តគ្នាជាងមិត្តភ័ក្ត អាចនិយាយបានថា ដល់ចំណុចមួយលួចស្រឡាញ់ ដួង ម៉ានិច តិចៗក៏ថាបាន....។ ទោះដឹងថា ខ្លួនមានវ័យក្មេងមិនហ៊ានទៅស្រឡាញ់នារីវ័យច្រើនជាងខ្លួនក៏ពិតមែន តែលោក បុត្រ បានឲ្យដឹងថា ខ្លួននៅតែលេងស្និតស្នាលជាមួយ ដួង ម៉ានិច្ច ធម្មតា ព្រោះមានអារម្មណ៍ល្អជាមួយគ្នា។

មិនទាន់អស់នោះទេ លោក បុត្រ ថែមទាំងបង្ហើបថា ដួង ម៉ានិច មានអារម្មណ៍អៀនចំពោះខ្លួនទៀតផង ព្រោះសង្កេតឃើញថា ពេលនិយាយ ឬក្បែរគ្នា នាងមិនហ៊ានមើលមុខចំ ប្រហែលដោយសារមិនធ្លាប់មានក្មេងណាទៅលេងស្និតជាមួយនាងក៏ថាបាន។ តែយ៉ាងណា នេះគ្រាន់តែជាការលើកឡើងរបស់លោក បុត្រ ប៉ុណ្ណោះ។

គួរជម្រាបថា តារាចម្រៀងប្រុសវ័យក្មេង លោក ថៃ អតិជាតិបុត្រ គឺជាតារាចម្រៀង Original Song មួយរូប ដែលមានប្រជាប្រិយភាពខ្លាំង ព្រោះមានទាំងសមត្ថភាព និងរូបសម្រស់។ បច្ចុប្បន្នក្រៅពីសិល្បៈ តារាប្រុសវ័យ ១៧ឆ្នាំរូបនេះ កំពុងសិក្សានៅថ្នាក់ទី១១ ដោយសារផ្តោតសំខាន់លើការសិក្សា ទើបមិនទាន់ទទួលការងារសម្តែង តែយ៉ាងណា លោក បុត្រ ថា ពេលប្រឡងបាក់ឌុបចប់រួចរាល់ នឹងទទួលសម្តែងភាពយន្តតែម្តង៕