(កូរ៉េខាងត្បូង)៖ ដូចដែលមហាជនបានដឹងស្រាប់ហើយថា Kang Daniel កាលពីពេលថ្មីៗនេះ បានបង្កើតផលិតកម្មថ្មីរបស់ខ្លួន ដែលមានឈ្មោះថា «KONNECT ENTERTAINMENT» បន្ទាប់ពីខ្លួនបានចាកចេញពីផលិតកម្មចាស់។ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្ររបស់លោកមានការចាប់អារម្មណ៍ទៀតនោះ តារាប្រុសរូបនេះបានប្រកាសជ្រើសរើសបុគ្គលិកថ្មីជាច្រើនផ្នែក ដើម្បីឲ្យចូលបម្រើការងារនៅក្នុងផលិតកម្មថ្មីរបស់ខ្លួន។

បើយោងទៅតាមព័ត៌មានកូរ៉េ koreaboo បានឲ្យដឹងថា ផលិតកម្ម «KONNECT ENTERTAINMENT» បានប្រកាសជ្រើសរើសបុគ្គលិក ចាប់តាំងពីថ្ងៃទី១១​ ខែមិថុនាមកម្ល៉េះ ដោយធ្វើការប្រកាសនៅលើគេហទំព័រការងាររបស់ក្រសួងការងាររបស់ប្រទេសកូរ៉េ Job Korea។ ផលិតកម្មបានជ្រើសរើសបុគ្គលិក ១១ផ្នែក ក្នុងនោះរួមមានផ្នែករដ្ឋបាល គណនេយ្យករ អ្នកគ្រប់គ្រងសិល្បករ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ និងការងារជាច្រើនទៀត។

បើតាមស្ថិតិដែលផ្ដល់ដោយ Job Korea បានឲ្យដឹងថា មានអ្នកដាក់ពាក្យសុំធ្វើការនៅក្នុងផលិតកម្ម មានចំនួន ៤១៦៩នាក់ និងអ្នកផ្ញើ CV ទៅកាន់ផលិតកម្មផ្ទាល់មានចំនួន ៣៥៧៨នាក់ ហើយសរុបអ្នកដែលដាក់ពាក្យចូលក្នុងផលិតកម្ម «KONNECT ENTERTAINMENT» មានចំនួន ៧៧៤៧នាក់៕