(ភ្នំពេញ)៖ អតីតតារាចម្រៀង ម៉ូលីកា ដែលមហាជន និងអ្នកគាំទ្រចូលចិត្តលេងក្នុងបណ្ដាញសង្គម Facebook តែងតែឃើញនាងធ្វើការ Live លក់ផលិតផលកែសម្ផស្សតាមរយៈ Facebook របស់ខ្លួននោះ បានបាត់វត្តមានពីក្នុងបណ្ដាញសង្គមអស់រយៈពេល ៣ថ្ងៃមកហើយ ដោយមហាជនបានបង្កើតការសង្ស័យថា តារារូបនេះអាចមានការភ័យខ្លាចចំពោះការចុះបង្រ្កាបរបស់សមត្ថកិច្ច ខណៈដែលបញ្ហានេះកំពុងត្រូវបានមហាជនចាប់អារម្មណ៍ លើវិធានការអ្នកលក់ផលិតផលតាម Online។

ការបាត់ខ្លួនពីការ Live លក់ផលិតផលរបស់ ម៉ូលីកា នៅមុននេះ ត្រូវបានគេដឹងថា ចំពេលដែលអាជ្ញាធររាជធានីភ្នំពេញរឹតបណ្ដឹងទៅលើបណា្ដរអ្នកលក់ទាំងឡាយតាម Online ជាក់ស្ដែង ដូចជាការចាប់និងរឹបអូសគ្រឿង Cosmetic របស់ហាងកញ្ញា Ah Gi Leader ជាដើម ទើបនាំឲ្យមានការសង្ស័យថា ម៉ូលីកា ដែលជាអ្នកលក់ផលិតផល Cosmetic តាម Online ល្បីឈ្មោះនោះ អាចជួបបញ្ហានេះដែរ បានជា២ទៅ៣ថ្ងៃមុននេះ គេឃើញហាង «ម៉ូលីកា ខូស្មិកទិក» របស់នាង ត្រូវបានបិទទ្វារ។

ប៉ុន្ដែដំណឹងនេះ ត្រូវបានម៉ូលីកាច្រានចោលដោយអះអាងថា នាងបិទទ្វារហាងប៉ុន្មានថ្ងៃមកនេះ ព្រោះជាប់ដើរលេងកម្សាន្ដនៅឯខេត្តកំពត ដោយអតីតតារា Rock រូបនេះ បញ្ជាក់ថា ​នាងនឹងវិលត្រឡប់មករកស៊ីលក់គ្រឿង Cosmetic ដូចមុន ព្រោះនាងមិនមែនជាអ្នកលាយលក់ឡេទាំងនោះដោយខ្លួនឯងទេ គឺនាំចូលស្រាប់ពីប្រទេសជិតខាងប៉ុណ្ណោះ គ្មានម៉ាស៊ីនលាយទេ។

ស្រីស្រស់ ម៉ូលីកា ​បានឲ្យដឹងបន្ថែមទៀតថា ក្នុងនាមនាងជាអ្នករកស៊ីម្នាក់គឺគោរពតាមច្បាប់ ហើយនាងធ្វើលិខិតអនុញ្ញាតត្រឹមត្រូវពីអាជីវកម្មនេះជាមួយក្រសួងពាក់ព័ន្ធ។ ដោយឡែកទាក់ទងការលក់ផលិតផល Cosmetic នេះវិញ ម៉ូលីកា ថា​កន្លងមកនាងក៏ធ្លាប់បានចេញទៅរៀនផ្នែករក្សាសម្រស់វគ្គខ្លីនៅមជ្ឈមណ្ឌល The One នៅថៃ ដែលទទួលបាន​លិខិត​បញ្ជាក់យ៉ាងត្រឹមត្រូវ​។ ហេតុនេះហើយ នាងគ្មានការបារម្ភច្រើនពីរឿងសមត្ថកិច្ចចុះត្រួតពិនិត្យនោះទេ។

តារាចម្រៀង ម៉ូលីកា បានផ្អាកអាជីពចម្រៀង មករកស៊ីផ្ដើមពីទុនត្រឹម ៣០០ដុល្លារប៉ុណ្ណោះ តាមរយៈការលក់ជើងមាន់ តាម Online ហើយនាងបានវិវឌ្ឍទៅបើកហាង Cosmetic ចំណាយទុនដល់ទៅ ១០ម៉ឺនដុល្លារ និងបានសម្ពោធហាងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។

សូមបញ្ជាក់ថា អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញា ម៉ូលីកា បានឲ្យដឹងថា ថ្មីៗនេះបានដឹកនាំបុគ្គលិកដ​ល់ទៅ៣ឡាន ទៅដើរលេងនៅតំបន់រមណីយដ្ឋានមួយចំនួននៅទឹកដីខេត្តកំពត ដើម្បីជាការលើកទឹកចិត្តដល់ពួកគេដែលខិតខំធ្វើការ នាពេលកន្លងមក៕