(ភ្នំពេញ)៖ លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា បានប្រតិកម្មជាខ្លាំង ចំពោះកម្មវិធីប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ និងលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ដែលរៀបចំដោយគណៈកម្មការ ប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដោយលោកអះអាងថា មិនស្មើភាព ដ្បិតរយៈពេល ១០ថ្ងៃ ត្រូវលេង ៤ប្រកួត ហើយមានធ្វើដំណើរទៅមកច្រើនជាង ៦០០គីឡូម៉ែត្រថែមទៀត។

ប្រតិកម្មរបស់គ្រូបង្វឹកក្រុមវិសាខានេះបានកើតឡើង បន្ទាប់ពី CNCC បានផ្លាស់ប្ដូរកម្មវិធីពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន វគ្គជម្រុះ ១៦ក្រុមចុងក្រោយ ពីប្រកួតលេខរៀងទី២ ទៅលេខរៀងរៀងទី៨ ហើយជំនួសលេខរៀងទី២ វិញ ដោយក្លឹបព្រះខ័នរាជស្វាយរៀង ដែលមានប្រធានក្លឹបជាថ្នាក់ដឹកនាំ CNCC។ ការផ្លាស់ប្ដូរនេះ ត្រូវបានលោក ហុក សុជីវ័ន ចាត់ទុកភាពអយុត្តិធម៌សម្រាប់ក្រុមខ្លួន ដែលត្រូវរងបន្ទុកដ៏ធ្ងន់ ព្រោះត្រូវប្រកួតកៀកគ្នានឹងកម្មវិធីលីគ។

លោកនិយាយថា «មកដល់ពេលនេះ យើងបានចេញលិខិតមួយទៅខាង CNCC ដែលគាត់បានរៀបចំកម្មវិធីមួយ មិនបានយកចិត្តទុកដាក់ ពីការធ្វើដំណើរ ការសម្រាករបស់ក្រុមមួយទៀត។ កម្មវិធីប្រកួតរបស់ខ្ញុំ បើតាមការចាប់ឆ្នោត ត្រូវលេងនៅលេខរៀងទី២។ ប៉ុន្ដែគាត់ជាក្លឹបមួយ ហើយគាត់ធ្វើការនៅកន្លែងមួយ ដែលជាអ្នករៀបចំការប្រកួត គាត់ យកក្លឹបរបស់គាត់ មកដាក់លេខរៀងទី២ វិញ។ អញ្ចឹងពួកខ្ញុំ ក៏ត្រូវធ្វើការតវ៉ាតាមហ្នឹងដែរ យើងបានធ្វើលិខិតទៅ ដើម្បីដោះដូរការប្រកួត»

បន្ថែមលើនេះ លោកក៏បានព្រមាននឹងពិចារណា តើគួរចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬមិនចូលរួម បើសិនបើគ្មានដំណោះស្រាយសមរម្យទៀតផង? លោកសង្កត់ធ្ងន់ថា «យើងនៅតែតវ៉ា បើសិនគេគ្មានការផ្លាស់ប្ដូរឲ្យ យើងទេ យើងនឹងប្រជុំសម្រេចពីគណៈដឹកនាំក្លឹបថា យើងចូលរួមកម្មវិធីហ្នឹងអត់? ឬមួយបន្ដសកម្មភាពទៀតអត់? ព្រោះរាល់ថ្ងៃ ពួកគាត់រៀបចំកម្មវិធីមួយ អត់ដែលខ្វល់ពីក្លឹបផ្សេងទេ គាត់ធ្វើម៉េចឲ្យតែក្លឹបគាត់ស្រួលតែប៉ុណ្ណឹង គឺចប់»

គួរដឹងថា កម្មវិធីប្រកួតរយៈពេល ១០ថ្ងៃ មាន ៤ប្រកួត ដែលធ្វើឲ្យលោក ហុក សុជីវ័ន មិនពេញចិត្តនោះ គឺថ្ងៃទី៣០ ខែមិថុនា វិសាខា ត្រូវប៉ះក្រុមអគ្គស្នងការដ្ឋាននគបាលជាតិ (ប៉ូលិស) នៃលីគសប្ដាហ៍ទី១២។ ថ្ងៃទី០៤ ខែកក្កដា វិសាខា ត្រូវប៉ះក្រុមប៉ូលិស ដដែលនៃពានសម្ដេចតេជោ ហ៊ុន សែន ជើងទី១ មុនធ្វើដំណើរទៅប្រកួតជាមួយក្រុម សូលទីឡូអង្គរ (លីគ) នាថ្ងៃទី០៧ ខែកក្កដា នៅសៀមរាប ហើយត្រឡប់មកវិញ ប្រកួតជាមួយក្រុមប៉ូលិក ក្នុងជើងទី២ នៃពានសម្ដេចតេជោ ហ៊ុន សែន។

អតីតកីឡាករជម្រើសជាតិកម្ពុជាដដែល បានចាត់ទុកការរៀបចំកម្មវិធីបែបនេះ មានលក្ខណៈមិនស្មើភាពឡើយ ហើយ សង្ឃឹមថា ថ្នាក់ដឹកនាំ CNCC នឹងពិនិត្យឡើងវិញ ចំពោះការរៀបចំកម្មវិធីប្រកួតនីមួយៗ ដើម្បីឲ្យក្លឹបទាំងអស់អាច ទទួលយកបាន៕