(ភ្នំពេញ)៖ ខ្សែការពារវ័យក្មេងរបស់ក្លឹបបឹងកេត សឿត ណាវ៉ា បានបញ្ចប់បេសកកម្មលើទឹកដីជប៉ុន ប្រកបដោយភាពជោគជ័យ ព្រមទាំងបានជួយក្រុមចម្រុះយុវជនអាស៊ាន ASIAN Eleven លើកពានមិត្តភាព JAPAFUN Cup ក្រោយ យកឈ្នះក្រុមម្ចាស់ផ្ទះ Tohoku U18 ទៀតផង។

គួរដឹងថា ពានរង្វាន់មិត្តភាព JAPAFUN Cup នេះត្រូវបានបង្កើតឡើង ស្របពេលសមាគមបាល់ទាត់ជប៉ុនបានរៀប ចំព្រឹត្តិការណ៍កីឡាបាល់ទាត់ជប៉ុន-អាស៊ាន ដោយមានការអញ្ជើញយុវជនជាច្រើនពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ទៅចូលរួមចាប់ពីថ្ងៃទី១៣-២៣ ខែមិថុនា នៅតំបន់ Fukushima ប្រទេសជប៉ុន ក្នុងនោះក៏មានយុវជនកម្ពុជា ២រូបចូលរួមដែរ គឺ សឿត ណាវ៉ា និងកីឡាករ រី លាភផេង យុវជនសាលាបាល់ទាត់ជាតិបាទីម្នាក់ទៀត។

ទន្ទឹមជាមួយគ្នា យុវជនកម្ពុជាទាំង ២រូប សុទ្ធតែបានចូលរួមជាមួយក្រុម ASIAN Eleven ហើយបានជួយក្រុមចម្រុះយុវជនអាស៊ាននេះ រហូតឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុម Tohoku U18។ អ្វីដែលពិសេសក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុមទាំងពីរប្រកួតស្មើគ្នាក្នុងម៉ោងធម្មតា ក៏ឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដោយជាលទ្ធផលក្រុម ASIAN Eleven យកឈ្នះក្រុម Tohoku U18 ៥-៤ ក្នុងនោះក៏មាន ១គ្រាប់រកបានដោយ សឿត ណាវ៉ា ផងដែរ។

ជាមួយបេសកកម្មនេះដែរ ណាវ៉ា បានសម្ដែងអារម្មណ៍រំភើបរីករាយជាខ្លាំង ក្រោយបានចូលរួមកម្មវិធីខាងលើ ដែលធ្វើឲ្យរូបគេទទួលបានបទពិសោធន៍ថ្មីៗជាច្រើន ដើម្បីអភិវឌ្ឍន៍សមត្ថភាពជាមួយអាជីពលើវាលស្មៅរបស់ខ្លួន។ កីឡាករវ័យ ១៨ឆ្នាំរូបនេះនិយាយថា «ខ្ញុំគិតថា មកទីនេះគឺមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ខ្ញុំ និងយុវជនទាំងអស់ ព្រោះពួកយើងអាចចែករំលែកនូវបទពិសោធន៍ វប្បធម៌ និងជាពិសេសនោះគឺ ភាសាអង់គ្លេស»

គួរបញ្ជាក់ថា ក្រោយបញ្ចប់ការចូលរួមព្រឹត្តិការណ៍កីឡាបាល់ទាត់ជប៉ុន-អាស៊ានខាងលើ សឿត ណាវ៉ា និង រី លាភផេង បានធ្វើដំណើរត្រឡប់មកមាតុភូមិវិញកាលពីថ្ងៃទី២៤ ខែមិថុនាម្សិលមិញ ដើម្បីបន្ដជួយក្រុមរៀងៗខ្លួនក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩៕

សឿត ណាវ៉ា (ខាងឆ្វេង)