(សៅប៉ូឡូ)៖ ក្រុមបាល់ទាត់សាម៉ូរៃខៀវជប៉ុន បានជ្រុះចេញពីព្រឹត្តិការណ៍ពានរង្វាន់ Copa America 2019 នៅប្រទេសប្រេស៊ីល ត្រឹមវគ្គចែកពូល បន្ទាប់ពីរកបានតែ ១ពិន្ទុពេលប្រកួតស្មើជាមួយនឹងអេក្វាទ័រ ១-១ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដែលបានក្លាយជាក្រុមទី២ នៅទ្វីបអាស៊ី បន្ទាប់ពីកាតាដែលស្ថិតក្នុងពូល B នោះ។

ជប៉ុន លេង ៣ប្រកួតក្នុងវគ្គសន្សំពិន្ទុនៃពូល C អាចរកបានតែ ២ពិន្ទុប៉ុណ្ណោះក្នុងចំណោម ស្មើ២ដង មិនដែលឈ្នះ និងចាញ់ ១ដងក្នុងនាមជាក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់ទី៣ ក្នុងចំណោមទាំង ៣ពូល (A B និង C) ខណៈប៉េរូ និងប៉ារ៉ាហ្គាយ បានឡើងទៅវគ្គបន្ត។

កីឡាករខ្សែប្រយុទ្ធពាក់លេខ១០ Shoya Nakajima អ្នករកបានគ្រាប់នាំមុខឲ្យជប៉ុននៅនាទី១៥ មុនពេលត្រូវបាន Angel Mena ជួយឲ្យក្រុមម្ចាស់តំបន់អាមេរិកឡាទីន អេក្វាទ័រតាមបានស្មើវិញនៅនាទី៣៥ រហូតដល់ចប់ការប្រកួត ពេញម៉ោង ៩០នាទីតែម្តង។

ការប្រកួតសន្សំពិន្ទុក្នុងពូល ត្រូវបានបញ្ចប់ជាស្ថាព័រ និងរកឃើញក្រុមដើម្បីឡើងទៅវគ្គ ៨ក្រុមអស់ហើយដែររួមមាន ម្ចាស់ផ្ទះប្រេស៊ីល ប៉ះប៉ារ៉ាហ្គាយ, វេណេហ្សូអេឡា ប៉ះអាហ្សង់ទីន, កូឡុំប៊ី ប៉ះឈីលី និងក្រុមការពារតំណែងជើងឯក ប៉ះប៉េរូ ដែលនឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ តទៅ៕