(ភ្នំពេញ)៖ មួយរយៈមុនមហាជនគ្រប់ស្រទាប់វណ្ណៈសម្តែងនូវការចាប់អារម្មណ៍ជាខ្លាំង នឹងដំណឹងចង់ទៅបួសជាព្រះសង្ឃពីសំណាក់តារាកំប្លែង នាយ តាក់ ស៊ី។ តែយ៉ាងណានៅតែមានទស្សនិកជនមួយចំនួនធំហាក់មិនជឿនោះឡើយថា នាយ តាក់ ស៊ី សម្រេចចិត្តចាកចោលប្រពន្ធកូនទៅបួសមែននោះ ព្រោះតែកន្លងមកនាយក៏ធ្លាប់និយាយបែបនេះម្តងជាពីរដងរួចហើយដែរ។ ខណៈគ្រប់គ្នាកំពុងរងចាំមើល ទីបំផុតនាយមិនបានកុហក ឬថាឲ្យតែរួចពីមាត់នោះឡើយ គឺនាយបានទៅបួសប្រាកដមែនដោយក្នុងពិធីបំបួសមានការចូលរួមពីសំណាក់ លោកតា វ៉ិចទ័រ និងក្រុមកំប្លែង ព្រមទាំងក្រុមគ្រួសារផងដែរ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ តារាកំប្លែងនាយ​ តាក់ ស៊ី បានបំបួសជាសង្ឃពេញលេញតាមគន្លងសាសនាព្រះពុទ្ធ ក្រោយពីលោកបានចំណាយពេលរៀនសូត្រ ស្វែងយល់ពីព្រះធម៌អស់មួយរយៈធំ។ បើគេនៅចាំមិនភ្លេចមួយរយៈមុន នាយ តាក់ស៊ី ធ្លាប់បានប្រកាសជាសាធារណៈថា ខ្លួននឹងលាឈប់ពីវិស័យសិល្បៈ ហើយនឹងសម្រេចចិត្តនៅភ្នំគូលែន ប៉ុន្តែសម្រាប់ពិធីបំបួសពេលនេះគឺស្រាប់តែធ្វើឡើងនៅក្នុងវត្តដងទង់ ខេត្តកំពង់ស្ពឺ ទៅវិញ។ ដែលនេះ ប្រហែលលោកយល់ព្រមបួសនៅកន្លែងជិតពីក្រុមគ្រួសារ ស្រួលប្រពន្ធកូន​ទៅសួរសុខទុក្ខ ព្រោះនាងភីម ដែលជាភរិយាក៏ធ្លាប់សំណូមពរឲ្យលោកបួសនៅជិតៗភ្នំពេញផងដែរ។

ជាការកត់សម្គាល់ ក្នុងពិធីបំបួសនាយ តាក់ស៊ី ថ្មីៗនេះ​ គឺមានការចូលរួមពីលោកតា វ៉ិចទ័រ នាយគ្រឿន និងនាង ភីម ដែលជាភរិយា ព្រមទាំង​តារាកំប្លែងរួមក្រុមជាច្រើននាក់ទៀតផងដែរ។ ក្នុងនោះលោកតា វ៉ិចទ័រ ដែលជាអ្នកដឹកនាំប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV បានរៀបរាប់លើបណ្តាញសង្គមថា «បងស្តាយព្រោះប្អូនឃ្លាតឆ្ងាយពីក្រុមកំប្លែង CBS តែបង​សូមជូនពរប្អូនបានសំរេចបំណងក្នុងផ្លូវព្រះពុទ្ធសាសនា។​ ជាចុងក្រោយបងសូមជូនពរប្អូនមានសុខភាពល្អ ដោយក្តីស្រលាញ់ពីបង និងបងប្អូនរួមក្រុម!»

គួរជម្រាបថា ក្រោយទទួលដំណឹងនេះជាផ្លូវការហើយ ទស្សនិកជនដែលធ្លាប់ជាអ្នកគាំទ្រការសម្តែងកំប្លែករបស់នាយ តាក់ស៊ី កន្លងមក បាននាំគ្នាផ្តាំផ្ញើរនូវសារជូនពរដល់នាយគ្រប់គ្នា ថាសូមឲ្យតេជគុណ តាក់ស៊ី បានសម្រេចដូចបំណង និងមានទឹកចិត្តជ្រះថ្លារក្នុងការដើរលើគន្លងព្រះពុទ្ធសាសនា ជាពិសេសឲ្យតេជគុណមានសុខភាពល្អផងដែរ៕