(កូរ៉េ)៖ នៅក្នុងកម្មវិធី Reply Night របស់ប៉ុស្តិ៍ទូរទស្សន៍ JTBC តារាស្រីកូរ៉េ Sulli បានចេញមុខឆ្លើយតបទៅនឹងមតិរិះគន់របស់មហាជនមួយចំនួន ដែលបានលើកឡើងថា នាងមិនពាក់អាវក្នុង ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងបានប្រើប្រាស់គ្រឿងញៀន។

នាង Sulli បាននិយាយថា «សម្រាប់ខ្ញុំ វាគឺជាសេរីភាពផ្ទាល់ខ្លួន។ អាវក្នុងមិនល្អសម្រាប់សុខភាពរបស់អ្នកនោះទេ វាមានខ្សែ។ វាមិនល្អ សម្រាប់សរីរាង្គរំលាយអាហាររបស់អ្នក ហើយខ្ញុំក៏មានបញ្ហាទាក់ទងនឹងការរំលាយអាហារ។ នៅពេលមិនពាក់វា ខ្ញុំមានអារម្មណ៍ស្រួលខ្លួន ហើយខ្ញុំគិតថា វាមានសេរីភាព និងស្រស់ស្អាតម្យ៉ាង»។ អ្វីដែល កាន់តែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍លើពាក្យសំដីរបស់តារារូបនេះទៅទៀតនោះ នាងបាននិយាយត្រង់ៗថា នៅពេលចូលរួមកម្មវិធីនេះ នាងក៏មិនបានពាក់វាដែរ។

នៅពេលដែលសួរថា ហេតុអ្វីបានជានាងបន្តបង្ហោះរូបគ្មានអាវក្នុងចូលទៅក្នុងបណ្ដាញសង្គម នាងបានឆ្លើយតមថា «ពេលដំបូង ខ្ញុំបានបង្ហោះរូបភាពគ្មានអាវក្នុង ហើយមានមតិវែកញែកជាច្រើនបានលើកឡើង។ ខ្ញុំបានភ័យខ្លាច និងគេចវេសពីបញ្ហាទាំងនោះ ប៉ុន្តែហេតុផលដែលខ្ញុំហ៊ានប្រឈមមុខនោះ គឺចង់ផ្លាស់ប្ដូរ ការវាយតម្លៃរបស់អ្នកគ្រប់គ្នាលើចំណុចនេះ។ ចំពោះខ្ញុំយល់ឃើញថា វាមិនមែនជាបញ្ហាអ្វីធំដុំនោះឡើយ»។ ជាមួយគ្នានេះផងដែរ នាងក៏បានឆ្លើយតបជាច្រើនទៀត ពាក់ព័ន្ធនឹងមតិរិះគន់មួយចំនួនទៀត ដែលបានលើកឡើងថា នាងចង់បានការចាប់អារម្មណ៍ និងនិយាយថានាងប្រើប្រាស់គ្រឿងញៀន៕