(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Keller Williams Cambodia League 2019 បានបញ្ចប់វគ្គសន្សំពិន្ទុហើយ ខណៈក្រុម ISI United បានក្លាយជើងឯកពានធំ ឬ League ដោយមាន ៤ក្រុមខ្លាំងទៀតត្រូវប្រជែងពានតូច ឬ Cup រួមមានក្រុម Avatar, Khmer United-A, Riel PP និងក្រុម Bayon Wanderers។

ក្រុម ISI បានគ្រងតំណែងជើងឯកពានពាក់កណ្ដាលអាជីពដ៏ធំនេះ ជាមួយកំណត់ត្រាមិនធ្លាប់មាន ក្រោយឆ្លងកាត់ ១៥ប្រកួត ឈ្នះ១៤ និងស្មើ១ មិនស្គាល់ពាក្យចាញ់ម្ដងឡើយ បន្ទាប់ពីប្រកួតចុងក្រោយ បានលត់ក្រុមគ្រួសារកីឡាតាំងគោក ដោយលទ្ធផល ១១-០ ធ្វើឲ្យពួកគេមាន ៤៣ពិន្ទុ មានប្រៀបលើក្រុមការពារតំណែងជើងឯក Avatar ១ពិន្ទុ ដែលគ្រប់គ្រាន់ឲ្យ ISI លើកពានតែម្ដង។

ចំពោះបេក្ខភាពប្រជែងពាន KW Cambodia Cup 2019 វិញ ត្រូវបានគណៈកម្មការរៀបចំពានធ្វើការចាប់ឆ្នោតបែងចែកគូកាលពីព្រឹកមិញ។ ជាលទ្ធផលអតីតក្រុមជើងឯកពានធំ Avatar ត្រូវប៉ះក្រុមការពារតំណែងជើងឯកពានតូច Khmer United-A។ រីឯក្រុម Riel PP ត្រូវជួបក្រុម Bayon Wanderers គ្រាដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា នៅទីលាន KMH ហើយក្រុមឈ្នះ នឹងត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១៤ ខែកក្កដាខាងមុខ។

ដោយឡែកលទ្ធផលប្រកួតសប្ដាហ៍ចុងក្រោយនៃពាន KW Cambodia League 2019 មានដូចជាក្រុម Avatar ឈ្នះក្រុម ATK ៣-០, ក្រុម Riel PP ឈ្នះក្រុមទន្សោង ៣-១, ក្រុម Bayon Wanderers ឈ្នះក្រុម Sniper ៥-២ និងក្រុម Khmer United-A លត់ក្រុម Sen Sok Empire ៨-១ ក្នុងនោះមាន ២គ្រាប់រកបានដោយម្ចាស់ពាន លោកបណ្ឌិត គីម ហ៊ាង។ ឯក្រុម Khmer United-U22 ឈ្នះក្រុម Home Sport ៣-០, ក្រុម Mambo PP ឈ្នះក្រុម Anvaya ៣-០ និងក្រុម Khmer United-B ស្មើក្រុមបាសាក់ ២-២៕