(ភ្នំពេញ)៖ មិនឲ្យទស្សនិកជនស្ងប់ស្ងាត់ ក្នុងការតាមដាននោះទេ ចំពោះដំណឹងនានារបស់តារាសម្តែងស្រី រូបស្រស់មេម៉ាយកូនមួយ ភិន សុដាលីស បន្ទាប់ពីមានទស្សនិកជនមួយចំនួនចេះតែនិយាយថា រឿងរ៉ាវតារាស្រីដួងនេះហាក់ស្ងប់ស្ងាត់។ តារាសម្តែងសម្រស់ក្រមុំសុំខ្មាស់រូបនេះ តាំងពីបែកបាក់ស្នេហ៍ដំបូងមក ពេលនេះហាក់មិនទាន់មានដំណឹងស្នេហាថ្មី មកប៉ះប៉ូវបេះដូងឡើយ ព្រោះតែប្រកាន់ថា គ្មានពេលគិតគូររឿងនេះ ខណៈបច្ចុប្បន្នាងរកពេលទំនេរពីការងារសម្រាក ស្ទើរមិនចង់មានផងនោះ។

ឆ្លើយឆ្លងតាមរយៈទូរស័ព្ទ ជាមួយក្រុមការងារ Fresh News ទាក់ទងនឹងរឿងនេះ អ្នកម្តាយរូបស្រស់ ភិន សុដាលីស មិននិយាយអ្វីច្រើននោះឡើយ គ្រាន់តែបង្ហើបពីរបីមាត់ថា ចំពោះរឿងរ៉ាវស្នេហានោះ នាងមិនទាន់គិតគូទេ ហើយក៏មិនទាន់មានគម្រោងនឹងយកម្ចាស់បេះដូងថ្មីទៀតដែរ។ មូលហេតុគឺត្រង់ថា បច្ចុប្បន្នមមាញឹកខ្លាំងណាស់ ទាំងការងារសិល្បៈសម្តែងភាពយន្ត២ក្នុងពេលតែមួយ និងការប្រកបមុខជំនួញ។ តែយ៉ាងណា ចំពោះការលើកឡើងខាងលើនេះ ហាក់មិនទាន់ឲ្យទស្សនិកជនអស់ចិត្តនៅឡើយទេ ខណៈអ្នកខ្លះគិតថា ទំនងជាតារាស្រីរូបនេះ លាក់បាំង មិនទាន់ដល់ថ្ងៃបង្ហើបហើយមើលទៅ។

ទោះជាយ៉ាងណាក្ដី ស្រីស្រស់ ភិន សុដាលីស ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា រាល់ថ្ងៃនេះ នាងមិនទាន់គិតចង់បានគូស្រករថ្មីនៅឡើយទេ បើទោះបីជាបច្ចុប្បន្នមានបុរសមួយចំនួន ចង់ភ្ជាប់និស្ស័យក្ដី ព្រោះខ្លាចការសម្រេចចិត្តទៅ ខុសដូចលើកមុនទៀត។ ចំពោះគូអនាគតថ្មី ដែលនាងនឹងសម្រេចជ្រើសរើសនោះមិនថា អ្នកសិល្បៈ ឬមិនមែនជាអ្នកសិល្បៈនោះទេ ប៉ុន្តែក្នុងនោះត្រូវមានការសម្រេចចិត្ត ពីឪពុកម្ដាយជាង៥០ភាគរយ។

ងាកមកការងារសិល្បៈ ដែលជាអាជីពរបស់ ភិន សុដាលីស វិញត្រូវបានតារាស្រីរូបនេះបង្ហើបថា កំពុងមមាញឹកក្នុងការសម្តែងរឿងភាគមួយ និងរឿងដុំមួយ ព្រោះបច្ចុប្បន្នកំពុងដំណើរការថត ទាំងពីរព្រមគ្នាតែម្តង។ ដោយក្នុងនោះរឿងទី១ គឺរឿង «កំបិតមុខពីរ» និង «ព្រៃរហោស្ថាន» សម្រាប់ផលិតកម្មមហាហង្ស ដោយនាងបង្ហាញនូវក្តីសង្ឃឹមថា នឹងមានទស្សនិកជនគាំទ្រច្រើនចំពោះស្នាដៃទាំងពីរនេះ៕