(ម៉ារ៉ុក)៖ ព្រឹត្តិការណ៍តន្រ្ដីពិភពលោក Gnaoua លើកទី២២ ត្រូវបានប្រារព្ធឡើងរយៈពេល៣ ថ្ងៃ ដោយបានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅទីក្រុង Essaouira ប្រទេសម៉ារ៉ុក។

ព្រឹត្តិការណ៍ប្រចាំឆ្នាំ បានបង្ហាញការប្រគំតន្រ្ដីចំនួន ៤០ រួមទាំងការសម្ដែងសិល្បៈប្រពៃណីបែបសម័យទំនើប និងបុរាណ ដែលត្រូវបានសម្ដែងដោយសិល្បករអន្ដរជាតិ និងក្រុមសិល្បៈនៅក្នុងប្រទេសម៉ារ៉ុក។ នៅឆ្នាំនេះ ការប្រគំតន្រ្ដី ត្រូវបានលាយបញ្ចូលតន្រ្ដីជាច្រើន ដែលមកពីគុយបា និង ប្រទេសដទៃទៀត។

ពិធីបុណ្យនេះក៏បានរៀបចំវេទិកាស្ដីពីសិទ្ធិមនុស្សផងដែរ ក្នុងប្រធានបទ «អំណាចនៃវប្បធម៌ប្រឆាំងនឹងវប្បធម៌នៃអំពើហិង្សា»។ ជារៀងរាល់ឆ្នាំមនុស្ស ៥០០ ០០០ នាក់ មកពីជុំវិញពិភពលោក បានចូលរួមនៅក្នុងព្រឹត្តិការណ៍តន្រ្ដីនេះ ដើម្បីទស្សនាការសម្តែងដ៏អស្ចារ្យដោយឥតគិតថ្លៃ៕