(បាងកក)៖ សមាជិកអាស៊ានទាំង ១០ប្រទេស បានប្រកាសពីគម្រោងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ ទាត់ពិភពលោក FIFA World Cup 2034 គិតចាប់តាំងពីយុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៣០មក។

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ នៅទីក្រុងបាងកក នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អ៊ូចា បានឲ្យដឹងថា «ប្រសិនបើអាចទៅរួច ប្រទេសស្ថិតនៅ ASEAN នឹងក្លាយជាគូប្រជែងក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034 តបតាមប្រមុខដឹកនាំ FIFA លោក Gianni Infantino ចង់ឃើញប្រទេសនៅតំបន់នេះ​ធ្វើម្ចាស់ផ្ទះនៃព្រឹតិ្តការណ៍ ដ៏មហាអស្ចារ្យនេះ។ ខ្ញុំសូមអញ្ជើញប្រទេសនៅតំបន់នេះចូលរួមគាំទ្រ ដើម្បីសម្រេចក្តីសុបិននេះផងដែរ»

ប្រទេសស្ថិតនៅទ្វីបអាស៊ីប៉ែកអាគ្នេយ៍ដែលមាន ១០ប្រទេស និងប្រជាជនសរុបប្រមាណ ៦៤០លាននាក់ផងនោះ ពុំដែលមានប្រទេសណាមួយធ្លាប់ធ្វើម្ចាស់ផ្ទះ និងឈ្នះកៅអីឡើងទៅលេងជុំផ្តាច់ព្រ័ត្រ World Cup ម្តងណាឡើយ ក្នុងរយៈពេលជិត ១០០ឆ្នាំមកនេះ តែអាចនឹងកែប្រែប្រវត្តិសាស្រ្តបានវិញ ប្រសិនបើឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup នៅឆ្នាំ២០៣៤។

គួររំលឹកផងថា World Cup ដែលរៀបចំបាន ២១សម័យកាលមកនេះ ទើបតែរៀបចំឡើងបានម្តងគត់នៅទ្វីបអាស៊ី កាលឆ្នាំ២០០២ ដែលប្រទេសជប៉ុន និងកូរ៉េខាងត្បូង ធ្វើម្ចាស់ផ្ទះរួមគ្នា និងកាតា ធ្វើមា្ចស់ផ្ទះនៅឆ្នាំ២០២២ បន្ទាប់ពីធ្វើនៅរុស្ស៊ីឆ្នាំ២០១៨មក៕